(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចេញវីដេអូ Traliler រឿង «អន្ទាក់ស្នេហ៍» លើបណ្តាញសង្គមរួចមក មានទស្សនិកជនមួយចំនួនបានលើកឡើងថា ភាពយន្តមួយនេះ មានការចម្លងសាច់រឿងពីប្រទេសថៃ ដោយសារឈុតមួយចំនួនស្រដៀងគ្នា ទៅនឹងឈុតក្នុងរឿងរបស់ថៃ «ស្នាមរបួសចាស់ ឬ The Scar»។ យ៉ាងណាមិញ ពេលនេះ លោកសាស្រ្តចារ្យ ចាន់ សារិន ផ្នែកល្ខោនយីកេ នៃសាលាមធ្យមសិក្សាសិល្បៈ ដែលជាកវីនិព្ធ រឿង «អន្ទាក់ស្នេហ៍» បានធ្វើការបកស្រាយជុំវិញមតិយល់ច្រឡំទាំងនោះ ព្រោះសាច់រឿង និងប្លង់ថត លោកបានសម្រិតសម្រាំងជាច្រើនឆ្នាំ ទំរាំលេចរូបរាងភាពយន្តមួយនេះឡើង។

តាមរយៈវីដេអូបកស្រាយ លោកសាស្ត្រាចារ្យ ចាន់ សារិន បានលើកឡើងថា រឿង «អន្ទាក់ស្នេហ៍» ជាសិល្ប៍សាស្រ្ត អត្ថបទនិពន្ធ នាថកថា របស់លោកដែលប្រើពេលគិតប្រមូលពីសាច់រឿងពិត របស់ ចាស់ទុំ ក្នុងស្រុកភូមិរបស់លោក ធ្លាប់រស់នៅកាលពីយុវជនជំទង មកសរសេរឡើង អស់រយៈពេល ១ ឆ្នាំ និងរៀបជាអត្ថបទភាពយន្តជិត ១ឆ្នាំទៀត។ ភាពយន្តនេះ បានឆ្លុះបញ្ចាំង ពីស្នេហាស្មោះស្ម័គ្រ នៃគូសង្សារស្រុកស្រែ ដែលមានម្តាយជាអ្នកបំបែក ដើម្បីមាសប្រាក់របស់ចាស់ព្រើមួយរូប ដែលខ្វះសិលធម៌ និងមានចិត្តគំនិតកំណាញ់ស្វិត ល្បិចកល អាវ៉ាសែ ដើម្បីបោកយកនារីក្មេងមកជាគូអនាគតរបស់ខ្លួន។

លោកសាស្រ្តចារ្យ ចាន់ សារិន ដែលមានវ័យជាង​ ៥០ឆ្នាំ និងជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ខ្មែរឆ្នាំ២០០១-២០០២ បន្តថា សាច់រឿង​នេះ មាន​ពិត​ក្នុង​សម័យកាល លោក​សាស្រ្តចារ្យនៅវ័យជាង ២០ ឆ្នាំ។ តម្លៃនៃសាច់រឿងនេះ ឆ្លុះបញ្ជាំងពី កិច្ចកាតញូតាធម៌របស់កូនស្រីជូនដល់ម្តាយ សេចក្តីស្នេហាស្មោះស្ម័គ្រ ដោយហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីដូរនឹងសេចក្តីសុខរបស់មនុស្សជាទីស្រលាញ់ និងចុងក្រោយជាការកែប្រែភាពអវិជ្ជមានរបស់មនុស្សចាស់ដែលខូចខិត។ សរុបសេចក្តីមក នេះជាសាច់រឿងពិតដែលលោកនិពន្ធឡើង ហើយការលើកឡើងរបស់មហាជនមួយចំនួន ដែលថាប្រើប្រាស់ប្លង់ថត ដូចគ្នានឹងរឿងថៃ ឬភាពយន្តខ្មែរមួយនេះ បានលួចចម្លងសាច់រឿងដើម «របួសចាស់» របស់ប្រទេសថៃ វាជាការជៀសមិនផុតឡើយ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រចារ្យ។

យ៉ាងណាមិញ ដើម្បីចង់ដឹងពីសាច់រឿងលំអិតនៃខ្សែភាពយន្តមួយនេះ ទស្សនិកជនអាចទស្សនាផ្ទាល់តាមរយៈការបញ្ចាំងក្នុងរោងកុននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ហើយផលិតករក៏សង្ឃឹមថា អ្នកគាំទ្រកុនខ្មែរទាំងអស់ នឹងសាកល្បងទស្សនារឿងមួយនេះដើម្បីឈ្វេងយល់​ពីភាពខុសគ្នានៃសាច់រឿងទាំងពីរ៕