(សៀមរាប)៖​ លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ ​វិចិត្រដារ៉ា បាន​​​ដឹក​នាំ​ក្រុម​ម៉ូតូ​ធំ​ ចុះ​​ទៅ​ចែក​អំណោយ​​សម្ភារៈ​សិក្សា​ដល់ សាលា​​ដាច់ស្រយាល​១​កន្លែង ក្នុង​ខេត្ត​សៀមរាប និងក្នុងស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​កម្មវិធី​នេះ​ បាន​ចូល​រួម​​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនអេសស្វី ផៅវើ (S SVY POWER) ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ប្រេងរំអិល ម៉ាក ម៉ូរីសុន (MORRISON)។

ទីតាំង​​សាលា​ ដែល​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា នាំ​ក្រុម​ម៉ូតូ​ធំ​ជិះ​​តាំង​ពី​ភ្នំពេញ​នាំ​សម្ភារៈ​សិក្សា​ទៅ​ចែក​ជូន​​នោះ ស្ថិត​នៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងសាលាស្វាយធំ នៅឃុំ​កពង់ក្តី ស្រុកជីក្រែង ខេត្ត សៀមរាប។ ក្រុម​ម៉ូតូ​ធំ​ទាំង​៣​ក្រុម ដែល​បាន​ចូល​រួម​ជា​មួយ លោក ឧកញ៉ា មាន​ដូច​ជា «ក្រុម​ម៉ូតូ​ធំ​មនុស្សធម៌​កម្ពុជា», «ក្រុម​ម៉ូតូធំ​ស៊ី​ដារ៉ាស់» និង«ក្រុម​ម៉ូតូ​ធំ​ហ្វាមី​លីប៉ៃខឺ» ដែល​មាន​​​ម៉ូតូ​ សរុប​ចំនួន​៣០ម៉ូតូ។ កម្មវិធី​នេះ លោក សុវណ្ណ មករា ជា​អគ្គនាយក​ក្រុមហ៊ុន​អេសស្វី ផៅវើ (S SVY POWER) នាំ​ចូល​ប្រេង​រំអិលម៉ូរីសុន (MORRISON) បាន​ចាប់​ដៃ​គ្នា​រួម​សហការ​ ជា​មួយ​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា។ ទោះបី​ជា​ការ​ចុះ​ទៅ​​ជួយ​ឧបសគ្គ​​ផ្លូវ​លំបាក ឆ្ងាយ មាន​ការ​នឿយ​ហត់​បែប​ណា​ក្ដី លោក​ឧកញ៉ា​ថ្លែង​ថា ក្រុម​ការងារ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​​ ​​ដែល​បាន​ធ្វើ​កិច្ចការ​សប្បុរសធម៌​ ចំ​គោលដៅ​បែប​នេះ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក ឧកញ៉ា ចិត្ត​ធម៌​ខាង​លើ ក្រុម​របស់​លោក​បាន​​ប្ដេជ្ញា​ថា នឹង​​​ធ្វើ​កម្មវិធី​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​​​​ ទូទាំង​ប្រទេស​ជា​រៀង​រាល់​ខែ។

សម្ភារៈ​ដែល​បាន​ចែក​ជូន ​មាន​ដូច​ជា សៀវភៅ ៣ក្បាល ខ្មៅដៃ២ដើម ប៊ិច២ដើម បន្ទាត់១ ដែកខួង១ ​នំ​១​កញ្ចប់ ​និង​ទឹក​ដោះគោ១​កំប៉ុង។ ​នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ ដែល​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ចុះ​ធ្វើ​កិច្ចការ​​សប្បុរសធម៌ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​នេះ។

​មហាជន​ធ្លាប់​បាន​ដឹង​ហើយ​ថា​ កន្លង​មក​​យុទ្ធនាការ​ចែក​សៀវភៅ​សរសេរ​១​ម៉ឺន​ក្បាល​​​ របស់​​លោក​ឧកញ៉ា ធ្លាប់​បាន​ធ្វើ​បាន​ជិត​១០​លើក​មក​ហើយ ក្នុង​នោះ ខេត្ត​ស្វាយរៀង ៣​លើក ខេត្ត​កំពង់​ឆ្នាំ​៣​លើក នឹង​ខេត្ត​កំពង់ធំ​១​លើក ខេត្ត​តាកែវ ខេត្ត​បន្ទាយមានជ័យ សៀមរាប​ជា​ដើម។ ជា​មួយ​នឹង​កិច្ចការ​ជួយ​ដល់​សង្គម​ ពិសេស​លើ​វិស័យ​អប់រំ​នេះ បន្ទាប់​ពី​បញ្ចប់​​យុទ្ធនាការ​ចែក​សៀវភៅ​​១ម៉ឺន​ក្បាល​​ខាង​លើ លោក​ឧកញ៉ា​មាន​ផែន​ការ​ធ្វើ​បណ្ណាល័យ​ចល័ត​បន្ថែម​ទៀត ហើយ​​បណ្ណាល័យ​នោះ នឹង​ធ្វើ​ដំណើរ​ដឹក​សៀវភៅ​ជា​ច្រើន​ពាន់​ក្បាល ចែក​ជូន​សិស្សានុសិស្ស​ក៏​ដូច​ជា​ប្រជាជន បាន​អាន​ទៅ តាម​ទី​ដាច់​ស្រយាល​។ អ្វី​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​អាន​សៀវភៅ លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា នឹង​រៀប​ចំ​ជា​ប្រាក់​​លើក​ទឹក​ចិត្ត អាន​សៀវភៅ​ចប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ថែម​ទៀត មាន​ន័យ​ថា អាន​សៀវភៅ​បាន​ទាំង​លុយ បាន​ទាំង​ចំណេះ​ដឹង៕