(ភ្នំពេញ)៖ ពិតណាស់អតីតតារាចម្រៀងក្នុងផលិតកម្ម Rock និងជាអ្នកជំនួញខាងផលិតផលថែរក្សាសម្រស់ល្បីឈ្មោះ គឺអ្នក ម៉ូលីកា ត្រូវបានមហាជនដឹងថា បានរៀបការជាមួយតារាសម្តែងប្រុសលោក ឆានុន នៅដើមឆ្នាំ២០២០ នេះ។ ការចាប់ដៃគ្នាជាប្តីប្រពន្ធ តារាប្រុសស្រីមួយគូហាក់មានបញ្ហាមួយចំនួនក្នុងគ្រួសារ ប៉ុន្តែអ្វីដែលសំខាន់ អ្នកទាំងពីរបានឲ្យដឹងថា ពួកគេនៅតែមិនអាចបែកគ្នាឡើយ ព្រោះនឹកកាលគ្រាធ្លាប់កំសត់តស៊ូរកលុយជាមួយគ្នា ទម្រាំមានបានដូចសព្វថ្ងៃ។

ការលើកឡើងបែបនេះពីសំណាក់អ្នកនាង ម៉ូលីកា និងលោក ឆានុន គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News នាពេលថ្មីៗនេះ។ បើទស្សនិកជននៅចាំមិនភ្លេច ថ្មីៗនេះប្តីប្រពន្ធម៉ូលីកា និងលោក ឆានុន បានបញ្ហាមួយចំនួន ពោលត្រូវបានអ្នកនាងម៉ូលីកា បង្ហោះសាររកលែងលះស្វាមីជាដើម ដោយសារតែខឹងសម្បារឿងដើរលេងយប់។ តែយ៉ាងណា អ្នកនាងនៅតែលើកលែងឲ្យស្វាមី ព្រោះស្រឡាញ់ ម៉្យាងដោយសារតែអ្នកនាងកំពុងមានផ្ទៃពោះ ចិត្តឆេវឆាវ ពេលបានបង្ហោះសារបែបនេះក៏ធូរទ្រង់ជាដើម។ និយាយរួមគឺនៅតែស្រឡាញ់និងលើកលែងឲ្យស្វាមី ព្រោះតែនឹកគ្រាក្រកំសត់ ខំប្រឹងរកលុយជាមួយគ្នា រហូតមានបានដូចសព្វថ្ងៃ។

ថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» អ្នកនាង ម៉ូលីកា បាននិយាយថា អ្នកនាងនឹងស្វាមី បានតស៊ូជាមួយគ្នាតាំងពីបាតដៃទទេទម្រាំមានថ្ងៃនេះ។ ព្រោះដំបូងឡើងពេលចាប់ដៃជាមួយគ្នា ម្នាក់ជាអ្នកឡាយលក់ជើងមាន់ ម្នាក់ជាអ្នកដឹក។ អ្វីដែលសំខាន់ អ្នកនាងនិងស្វាមី បានស្វែងរកវិធីសាស្ត្រដើម្បីមានបាន និងដើម្បីជំនះពាក្យរបស់មនុស្សជុំវិញខ្លួនមួយចំនួន ដែលនិយាយថា ចូលសិល្បៈមិនល្អ ឬដើម្បីឲ្យគ្រួសាររួចពីភាពក្រលំបាកជាដើម។ ម៉ូលីកា បន្ថែមថា កាលណោះសូម្បីតែម៉ូតូដឹកអីវ៉ាន់ឲ្យម៉ូយក៏ជួលគេដែរ គិតដល់ចំនុចលំបាក់នេះ ធ្វើឲ្យនាងមិនអាចបំភ្លេចបានទេកាលគ្រាលំបាក ទោះបីជាពេលខ្លះឈ្លោះគ្នា ប៉ុន្តែ នៅតែមិនអាចបំភ្លេច ព្រោះតែប្រវត្តិជូរចត់ជាមួយគ្នាបែបនេះ។

ងាកមកលោក ឆានុន ដែលជាស្វាមីអ្នកនាង ម៉ូលីកាវិញ ក៏បានបន្ថែមថា លោកដឹកខ្លួនថាធ្វើខុស ដើរលេងយូរៗ ដល់ថ្នាក់យប់ព្រោះតែជួបជុំមិត្តភ័ក្តម្តងម្កាលក៏ជ្រុល ដូច្នេះពេលភរិយាខឹងមានតែនីស្ងៀមសិន ពេលឈប់ខឹងចាំទៅលួង។ ណាមួយលោកមិនបានតបតទៅភរិយាចំពោះការខឹងសម្បានេះឡើយ ព្រោះយល់ថាមានផ្ទៃពោះអារម្មណ៍ឆេវឆាវ គិតដល់ចំនុចនេះទើបលោកទប់អារម្មណ៍បាន។

បច្ចុប្បន្នគូស្វាមីភរិយាមួយគូនេះ កំពុងមមាញឹកខ្លាំងនឹងការប្រកបជំនួញផ្ទាល់ខ្លួន ខណៈការងារសិល្បៈវិញ ត្រូវបានអ្នកទាំងពីរឲ្យដឹងថា គឺនៅតែបន្ត មិនបានឈប់ទាំងស្រុងឡើយ។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីដឹងលំអិតថាតើ ម៉ូលីកា និងឆានុន និយាយអ្វីខ្លះ៖

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)