(ឧត្ដរមានជ័យ)៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍ «ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង» លើកទី២ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែកុម្ភៈ នៅខេត្តឧត្ដរមានជ័យ បានបញ្ចប់ដោយជោគជ័យ ក្រោយទាក់ទាញអ្នកចូលរួមប្រមាណ ២ម៉ឺននាក់។ ទន្ទឹមជាមួយគ្នាថ្នាក់ដឹកនាំ និងអាជ្ញាធររៀបចំបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះព្រឹត្តិការណ៍នេះ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍ និងផ្សព្វផ្សាយតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមនេះ។

លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែងបានបង្ហាញមោទនភាពក្រៃលែង ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្ដឧត្ដរមានជ័យ រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើង ដែលបង្កឲ្យមានភាពសប្បាយរីករាយ និងផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ដែលទើបរួចផុសពីសង្គ្រាមក្រោយទេ និងជាការផ្សព្វផ្សាយតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញការអភិវឌ្ឍន៍ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ។

អភិបាលស្រុកខាងលើបានបញ្ជាក់ថា «សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្លាប់មានប្រសាសន៍ថា ការធានា ៣យ៉ាងជូនស្រុកអន្លង់វែង មិនទាន់គ្រប់គ្រាន់ទេ ត្រូវធានាមួយទៀត គឺការអភិវឌ្ឍន៍។ ចឹងព្រឹត្តិការណ៍នេះ គឺជាការទាក់ទាញ ការផ្សព្វផ្សាយ ភ្ជាប់អន្លង់វែង ទៅនឹងពិភពលោក និងបណ្ដាប្រទេសផ្សេងៗដែលធ្លាប់ស្គាល់ថា អន្លង់វែង ជាតំបន់ឃោឃៅ តំបន់បន្សល់នូវការឈឺចាប់ឥឡូវអន្លង់វែង ក្លាយជាតំបន់មានសន្ដិភាព មានទេសចរណ៍ និងការអភិវឌ្ឍន៍ បន្ទាប់ស្រុកអន្លង់វែង បានបញ្ចប់សង្គ្រាមចុងក្រោយ កាលពីឆ្នាំ១៩៩៨»

ដោយឡែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា មកទល់ពេលនេះមានប្រជាពលរដ្ឋ នៅក្រៅប្រទេសខ្លះ មិនទាន់បានដឹងពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ នៅតំបន់អន្លង់វែងនោះទេ។ ដូច្នេះតាមរយៈការរៀបចំព្រឹត្តិការណ៍ខាងលើ លោកសង្ឃឹមថា នឹងធ្វើឲ្យពួកគេបានដឹង និងចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់ច្បាស់ពីតំបន់ទទួលបានសន្ដិភាពពេញលេញនៅកម្ពុជានេះ ក៏ដូចជាផ្សាភ្ជាប់តំបន់អន្លង់វែង ទៅកាន់ពិភពលោកផងដែរ។

លោកថា «មានបងប្អូននៅក្រៅប្រទេសខ្លះ បានធ្វើការ Comment ថា តំបន់នេះ ទើបចប់សង្គ្រាម ឬក៏ម៉េច? ចឹង Comment នេះ សបញ្ជាក់អ្នកក្រៅប្រទេស លោកអត់ទាន់ដឹងពីការវិវត្តន៍របស់ស្រុកអន្លង់វែងនៅឡើយទេ ចឹងព្រឹត្តិការណ៍នេះ គឺជាការដាស់ស្មារតីឲ្យគាត់ដឹងថា អន្លង់វែង ពិតជាត្រូវការឲ្យពួកគាត់មកលេង មកមើលជាក់ស្ដែងថា ការអភិវឌ្ឍន៍ ភាពសុខុដុមរមនាក្នុងសង្គមជាតិទាំងមូល ក៏ដូចជាស្រុកអន្លង់វែងនេះ ពិតជាមានពិតប្រាកដមែន»

ដូច្នេះស្របតាមការធ្វើពិពិតកម្មកីឡារបស់ក្រសួងទេសចរណ៍ និង NOCC ព្រឹត្តិការណ៍នេះ ត្រូវបានអាជ្ញាធរថ្នាក់កណ្ដាល និងថ្នាក់ខេត្ត បានប្ដេជ្ញារួមគ្នាបន្ដរៀបចំរៀងរាល់ឆ្នាំ ហើយកាន់តែធំបន្ថែម ដើម្បីផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រនេះ។ មួយវិញទៀត លោកក៏បានផ្ញើសារទៅប្រជាពលរដ្ឋស្រុកអន្លង់វែង ត្រូវត្រៀមខ្លួនទាំងអស់គ្នា ដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ទៀតផង។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលថា «យើងបានដាក់ផែនការ ១ឆ្នាំម្ដងៗ ហើយធ្វើព្រឹត្តិការណ៍នេះឲ្យកាន់តែធំឡើង ទាក់ទាញ និងមានប្រជាប្រិយភាពឡើង ហើយពិគ្រោះយោបល់ជាមួយភាគីថៃ ដើម្បីបង្កើតឲ្យមានអ្វីដែលប្លែក ជាក់ស្ដែងឆ្នាំក្រោយៗ យើងគ្រោងនឹងធ្វើខ្សែទស្សនកិច្ចទេសចរណ៍ពីអន្លង់វែង ចូលទៅទឹកដីថៃ ដើម្បីបង្ហាញពីចំណងមិត្តភាពកម្ពុជា-ថៃ សម្រួលដល់ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ ពិសេសការស្រូបទាញភ្ញៀវទេសចរពីថៃមកកម្ពុជា និងពីកម្ពុជាទៅថៃ»

គួរបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង គឺបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីទាក់ទាញអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ តាមរយៈការចូលរួមប្រកួត និងទស្សនាកីឡាជាច្រើន ដូចជាកីឡារត់កម្សាន្ដ ប្រណាំងកង់កម្សាន្ដ ចំបាប់បុរាណ គុនល្បុក្កតោ ការសម្ដែងក្បាច់គុនមួយថៃ ប្រណាំងទូក ប្រណាំងពាង និងការប្រកួបាល់ទាត់មិត្តភាពកម្ពុជា-ថៃ។ លើសពីនេះ ក៏មានការរៀបចំពិព័រណ៌ម្ហូបអាហារកម្ពុជា-ថៃ និងការប្រគំតន្ដ្រី ដែលធ្វើឲ្យព្រឹត្តិការណ៍នេះរឹតតែអធិកអធមផងដែរ៕