(តិចសាស់)៖ ជើងខ្លាំង Jon Jones នៅតែបន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកនៅស្ថាប័ន UFC 247 ក្រោយផ្តួលគូប្រជែង Dominick Reyes ដោយពិន្ទុឯកច្ឆន្ទ ៤៨-៤៧ ៤៨-៤៧ និង ៤៩-៤៦ នៅសង្វៀនដែលស្ថិតក្នុងទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិកនារាត្រីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

នេះជាកំណត់ត្រាឈ្នះលើកទី២៦ ច្រើនជាងគេនៅ UFC ក្នុងចំណោមឡើងវ៉ៃបាន ២៨ប្រកួតជាមួយនឹងការផ្តួលដៃគូ Reyes ដែលមិនធ្លាប់ចាញ់នាពេលកន្លងមក។

ក្នុងជំនួបដ៏ស្វិតស្វាញរវាងជើងខ្លាំងទាំងពីរ គឺកីឡាករវ័យ ៣០ឆ្នាំ Reyes បានដាក់សម្ពាធយ៉ាងខ្លាងទៅលើម្ចាស់ជើងឯកការពារខ្សែក្រវាត់ Jones នៅទឹកទី១ មុនពេលកីឡាករម្ចាស់ផ្ទះ ធ្វើបានល្អវិញនៅដើមទឹកទី២ និងទទួលបានពិន្ទុជាបន្តបន្ទាប់រហូតដល់ចប់ទឹក ក្នុងការទទួលបានជ័យជម្នះ ៣-០ ដាច់ ហើយក៏ជាជ័យជម្នះលើកទី១៤ ជាប់ៗគ្នារបស់កីឡាករវ័យ ៣២ឆ្នាំ Jon Jones ផងដែរ៕