(ឧត្តរមានជ័យ)៖ ព្រឹត្តិការណ៍ <<ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង>> លើកទី២ ចាប់ពីថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចាប់ផ្ដើមហើយ ដោយមានការរៀបចំកម្មវិធីជាច្រើន មានតាំងពីការតាំងពិព័រណ៌ ការប្រគុំតន្ដ្រី ពិសេសការប្រកួតកីឡារយៈពេល ៣ថ្ងៃពេញ ដើម្បីអបអរព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតំបន់បញ្ចប់សង្គ្រាម និងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ។

ជាក់ស្អែកនៅព្រឹកថ្ងៃសៅរ៍ គណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា ដោយទទួលបានការអនុញ្ញាតពីក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរខេត្ត បានរៀបចំកម្មវិធីរត់កម្សាន្ដពីច្រកព្រំដែនជាំ ឆ្ពោះទៅពើយតារ៉ួន បានទាក់ទាញអ្នកចូលរួមប្រមាណជិត ២,០០០នាក់ឯណោះ ក្នុងនោះក៏មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្ស និងកងកម្លាំង មកពីប្រទេសថៃ ៧៥០នាក់ផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបន្ដថា សកម្មភាពកីឡាឆ្នាំនេះ បានទទួលការគាំទ្រច្រើនពីមហាជន ពិសេសប្រជាពលរដ្ឋស្រុកអន្លង់វែង ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី០៧-កុម្ភៈ ក៏មានការចូលរួមប្រកួតចំបាប់បុរាណលក្ខណៈមហាជនយ៉ាងច្រើនកុះករផងដែរ ។ ដូច្នេះលោកសង្ឃឹមថា ពួកគេនឹងបន្ដចូលរួមគាំទ្រក្នុងសកម្មភាពកីឡាជាច្រើនទៀត ដែលនឹងធ្វើការប្រកួត ៣ថ្ងៃ ដូចជាការប្រកួតបាល់ទាត់-បាល់ទះមិត្តភាពកម្ពុជា-ថៃ ប្រណាំងទូកខ្នាតខ្លី កីឡារាំអន្ដរជាតិ និងការប្រកួតគុនល្បុក្កតោជាដើម ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង” គឺរៀបចំឡើងក្នុងគោលបំណងគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់បញ្ចប់សង្គ្រាម និងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ក៏ដូចជាអបអរខួប ២០ឆ្នាំ នៃការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៨ ។ ម្យ៉ាងក៏ដើម្បីផ្សព្វផ្សាយពីសក្ដានុពល នៃវិស័យទេសចរណ៍ ក្នុងតំបន់ប្រវត្តិសាស្ដ្រដ៏អាថ៌កំបាំងនេះផងដែរ៕