(ភ្នំពេញ)៖ ​ភាពយន្តល្បីៗ ចំនួន៥រឿង បាននឹងកំពុងចាក់បញ្ចាំងឲ្យមហាជនទស្សនាឡើងវិញ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ខែកុម្ភៈនេះ នៅរោងភាពយន្ត «Prime Cineplex» សាខាថ្មីទួលគោក សម័យស្វែរ (Samai Square)។ រឿងទាំងនេះសុទ្ធសឹងតែជាភាពយន្ត មានការគ្រាំទ្រច្រើនជាងគេ នាឆ្នាំកន្លងទៅ (ឆ្នាំ២០១៩) ប្រចាំនៅរោងភាពយន្ត មួយនេះ។

លោកស្រី លី ខ៉្យុងហី អនុប្រធានរោងភាពយន្ត «Prime Cineplex» បានថ្លែងបញ្ជាក់ថា ការប្រកាសចាក់បញ្ចាំងនេះ ក៏ជាការសាទរនៃការបើកដំណើរសាកល្បង រោងភាពយន្ត «Prime Cineplex» សាខាថ្មីទួលគោក សម័យស្វែរ (Samai Square)។ មិនតែប៉ុណ្នោះក៏នៅមានប្រូម៉ូសិនជាច្រើនទៀត ដូចជា ការចុះឈ្មោះចូលជាសមាជិកថ្មី នឹងទទួលបានទឺកប្រាក់ ៣ដុល្លារភ្លាមៗ ក្នុងកម្មវិធីនោះ​ ហើយក៏ជាការបញ្ចូលទឺកប្រាក់បន្ថែម​ ទៅក្នុងគណនី នឹងទទួលបានទឹកប្រាក់បន្ថែម ៥០ភាគរយ ភ្លាមៗផងដែរ គឺ​ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០​។

លោកស្រីបន្ថែមថា​ រោងភាពយន្ត «Prime Cineplex» នឹងព្យាយាមបន្តគាំទ្រទៅលើវិស័យខ្សែភាពយន្ត នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងជាងនេះ ដោយការនាំចូល នឹងបង្កើតរោងភាពយន្តបែបទំនើប​ នឹងទាន់សម័យជាងគេក្នុងប្រទេសកម្ពុជា។

លោកស្រី ឯក រតនា ប្រធានផ្នែកទីផ្សាររោងភាពយន្ត «Prime Cineplex» បានបន្ថែម​ថា ភាពយន្តទាំង៥ដែលត្រូវបានជ្រើសរើស យកមកចាក់បញ្ចាំងនៅពេលនេះ គឺជាភាពយន្តទទួលបានការគាំទ្រច្រើន ពីទស្សនិកជនពិសេសភាពយន្តកូរ៉េ រឿង Parasite Exit ដែលទទួលបានពានរង្វាន់​អូស្កា ក៏ត្រូវបានយកមកចាក់បញ្ចាំងឡើងវិញផងដែរ។ អ្នកស្រីរំពឹងថា តាមរយៈការបង្កើតឲ្យមានកម្មវិធីនេះ នឹងធ្វើឲ្យអ្នកចូលចិត្តទស្សនាភាពយន្តពេញចិត្ត ជាក់ជាមិនខានទាំងអតិថិជនចាស់ៗ និងថ្មី ស្របពេលដែលសាខាថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាទំនើប។

ភាពយន្តដែលបាននិងកំពុង​ចាក់បញ្ចាំង ក្នុងកម្មវិធីមានដូចជាភាពយន្តខ្មែររឿង «ស្នេហាក្មេងៗ» របស់ផលិតកម្ម កងចក្រ, រឿង «លោកបងណាក់» របស់ក្រុមហ៊ុន Sabay MVP, រឿង «Parasite, Exit,» និងរឿង «Gravity of Love» របស់ក្រុមហ៊ុន Westec Media។

គួរបញ្ជាក់ដែរថា ​សាខាថ្មីរបស់ រោងភាពយន្ត «Prime Cineplex» សម័យស្វែរ សាខាទួលគោក (Samai Square) មានទីតាំងនៅផ្លូវ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ក្នុង ផ្សារទំនើបសម័យស្វែរ (SamaiSquare) ជាន់ទី៣ ដែលបំពាក់បច្ចេកទេសទំនើបចុងក្រោយ ហើយនឹងបើកសម្ពោធជាផ្លូវការ​ នៅដើមខែមីនាខាងមុខ។ រោងភាពយន្តនេះមាន៥រោង ដែលសរុបប្រមាណជាង៥០០កៅអី។ ស្របតាមកំណើន នៃការនិយមទស្សនាភាពយន្ត «Prime Cineplex» គ្រោងបើកដំណើរការឡើងវិញ នៅផ្សារទំនើបសុវណ្ណា បន្ទាប់ពីសាខាចោមចៅ សាខាបុរីវិមានភ្នំពេញ និងសម័យស្វែរនេះ។​ ការបង្កើនរោងភាពយន្តថ្មីនេះ ក៏ត្រូវបានគេរំពឹងថា នឹងជួយជំរុញ និងបង្កើនទីផ្សារប្រាក់ចំណូលបាន​ ពីការចាក់បញ្ចាំងភាពយន្តខ្មែរផងដែរ៕