(ក្រុងឡុងដ៍)៖​ លោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅប្រចាំក្លឹបកំពូលតារាង Liverpool នៃលីគអង់គ្លេស Premier League 2019-2020 នៅពេលនេះបានឈ្នះពានរង្វាន់ជាគ្រូបង្វឹកឆ្នើមប្រចាំខែកមរា ឆ្នាំ២០២០ ខណៈលោកបានដឹកនាំក្រុមនេះមិនទាន់ចាញប្រកួតណាមួយនៅឡើយនោះទេ នេះបើតាមប្រកាសរបស់ក្លឹប Liverpool នាថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២០។

លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននឹងកំពុងតែដឹកនាំក្រុមហង្សក្រហម ឈានទៅរកការលើកពានរង្វាន់ Premier League សារជាថ្មីម្តងទៀតក្រោយពីក្រុមនេះមិនស្គាល់ចាញនៅឡើយគិតត្រឹមសប្តាហ៍ទី ២៥ ដោយរកបាន ៧៣ពិន្ទុដោយនៅសល់តែ ១៣ប្រកួតទៀតប៉ុណ្ណោះហើយនេះក៏ជាលើកទី ៥ផងដែរដែលលោកបានឈ្នះពាននេះគិតចាប់តាំងពីខែសីហា ឆ្នាំ២០១៩ដល់ខែមករា ឆ្នាំ២០២០នេះ។

ក្នុងរយៈពេល ៥ខែដែលលោកបានឈ្នះពាននេះដោយក្នុងនោះលោកបានដឹកនាំក្រុមហង្សក្រហម ប្រកួតឈ្នះក្រុម Sheffield United, Tottenham Hotspur, Manchester United, Wolverhampton Wanderers និង West Ham United ហើយនេះក៏ជាកំណត់ត្រាថ្មីសម្រាប់លោក Jurgen Klopp ដែលកំពុងនាំមុខកំពូលតារាងលីគអង់គ្លេស បន្ទាប់ពីឈ្នះពាន UEFA Champions League និង FIFA Club World Cup រួមមកនេះ៕