(ក្រុងឡុងដ៍)៖ លោក Mikel Arteta អ្នកចាត់ការទូទៅក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal កំពុងស្វែងរកកីឡាករខ្សែប្រយុទ្ធថ្មី ដើម្បីជំនួសកន្លែងខ្សែប្រយុទ្ធចាស់វស្សា ៣រូបនារដូវកាលដោះដូរកីឡាករលើកទី២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។

ប្រភពពីព័ត៌មាន The Sun របស់បារាំងបានចុះផ្សាយថា អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញខាងលើនេះ មានគម្រោង ផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធទ្រង់ទ្រាយធំនាខែកក្កដាខាងមុខ ពោលគឺត្រៀមលក់ចេញខ្សែប្រយុទ្ធ ២រូបរួមមាន Pierre-Emerick Aubameyang, Alexandre Lacazette និងខ្សែមប្រើ Mesut Ozil ជាដើម។

ដូចគ្នានោះដែរ Arsenal ពុំទាន់ធ្វើបានល្អនៅឡើយ គិតចាប់តាំងពីអតីតគ្រូជំនួយរបស់អ្នកចាត់ការ Pep Guardiola នៅ Manchester City ចូលមកដឹកនាំជំនួសកៅអីលោក Unai Emery ដែលត្រូវបានបណ្តេញចេញ ហើយក្រុមអតីតក្រុមខ្លាំងមួយកំពុងប្រឈមបាត់បង់កៅអីនៅពាន UEFA Europa League ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៦ ដែលធ្វើឲ្យលោកបង្ខំលក់ចេញកីឡាករមានប្រាក់អាទិត្យខ្ពស់ និងស្វែងរកកីឡាករវ័យក្មេងៗ មកជំនួសវិញ។

Arsenal ទើបរកបានតែ ៨ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ៧ប្រកួតនៅ Premier League ក្រោមការដឹកនាំរបស់ Arteta ដាច់ឆ្ងាយហៅលែងលឺពីក្រុមកំពូលតារាង តែស្ថិតនៅកៀកបំផុតក្នុងតំបន់កាត់ចោល ក្រោយឆ្លងកាត់ ២៥ប្រកួតនារដូវកាលនេះ៕