(ភ្នំពេញ)៖ អតីតតារាចម្រៀងដែលធ្លាប់មានប្រជាប្រិយភាពក្នុងវីថីសិល្បៈ អ្នកនាង គង់ សុកញ្ញា ហៅ អេន ជី ដើមឆ្នាំ២០២០នេះ នាងនិងស្វាមី បានសម្រេចបំណងប្រាថ្នាធំមួយ គឺនាងបាននិងកំពុងពរពោះកូនដំបូងរបស់ខ្លួន ដែលជាតំណក់ឈាមរួមគ្នាជាមួយនឹងស្វាមីជាទីស្រលាញ់ ក្រោយអ្នកទាំងពីររៀបការបានជិត២ឆ្នាំ។

យោងទៅលើគណនីហ្វេសប៊ុក របស់អតីតតារាចម្រៀងក្នុងផលិតកម្មសាន់ដេ អេន ជី បានបង្ហោះសារ រៀបរាប់ទាំងអារម្មណ៍សប្បាយចិត្តថា «ស្វាគមន៍ សមាជិកថ្មី កាដូរធំសម្រាប់ប្ដី ឆ្នាំថ្មី២០២០ Ly En ចេះតែឈឺនេះ ឈឺនោះ មិនដឹងមុខ ពេលនេះរកឃើញហើយ តាមការពិតកូន Mommy ធ្វើទុក្ខសោះ សូមឲ្យឆ្នាំថ្មី ជីវិតគ្រួសារ ខ្ញុំជួបតែសេចក្ដីសុខ រកស៊ីមានបាន ជួបតែមនុស្សល្អ»

ជាមួយគ្នានេះ មានការចូលរួមអបអរសាទរយ៉ាងច្រើន ពីសំណាក់មិត្តរួមអាជីព ក៏ដូចជាអ្នកគាំទ្រ ដ៏អតីតតារាចម្រៀង អេន ជី និងស្វាមី ខណៈដែលអ្នកទាំងពីរ សម្រេចបានបំណងប្រាថ្នាដ៏ធំ ក្នុងជីវិតអាពាហ៍ពិពាហ៍ ដោយអេន ជី កំពុងតែពរពោះកូនដំបូងរបស់ខ្លួន។ ដោយឡែក គេមិនទាន់ដឹងនៅឡើយនោះទេថា កូនដំបូងរបស់ អេន ជី និងស្វាមី ជាប្រុសឬមួយក៏ស្រីនៅឡើយនោះទេ ដោយអ្នកទាំងពីរកំពុងតែរង់ចាំមើលលទ្ធផលកូនដូចគ្នា។

គួរបញ្ជាក់ថា អតីតតារាចម្រៀង អ្នកនាង អេន ជី បានសម្រេចចូលរោងការជាមួយនឹង ស្វាមី គឺលោក គង់ សុខអេង ដែលត្រូវបានគេស្គាល់ថា ជាប្អូនប្រុសម្ចាស់ហាងលក់សម្លៀកបំពាក់ «រ៉ាយុទ្ធ» កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ យ៉ាង​អធិកអធម រហូតមកទល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ ដែលអ្នកទាំងពីរបានរួមគ្នាកសាងគ្រួសារដែលពោរពេញ ទៅដោយសេចក្ដីសុភមង្គល និងកំពុងតែត្រៀមទទួលសមាជិកថ្មីម្នាក់ទៀតផងដែរ៕