(ម៉ានីល)៖ ក្រុមជើងឯកលីគកំពូលហ្វីលីពីន Ceres Negros បានប្រកាសលក់សំបុត្រនាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយ មុនពួកគេបើកទ្វារផ្ទះទទួលក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១ នៃពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2020 វគ្គសន្សំពិន្ទុប្រចាំពូល G នាថ្ងៃទី១១ ខែកុម្ភៈខាងមុខនៅកីឡដ្ឋាន Rizal Memorial។

ទន្ទឹមជាមួយគ្នា Ceres Negros ក៏ត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់កម្ពុជា គឺក្រុមព្រះខ័នរាជស្វាយរៀង ដែលស្គាល់ពាក្យចាញ់ម្ដងគត់ ក្នុងក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគកាលពីឆ្នាំ២០១៩ ហើយទើបបំបាក់ក្រុមជើងឯកលីគកំពូលសិង្ហបុរី គឺក្រុម DPMM FC ដោយលទ្ធផល ៥-១ កាលពីថ្ងៃអង្គារកន្លងទៅផងដែរ។

ក្រឡេកមកចាប់អារម្មណ៍សំបុត្រចូលទស្សនាការប្រកួតបើកឆាកពូល G រវាងក្រុម Ceres Negros និងក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជានេះវិញ ក្រុមម្ចាស់ផ្ទះបានសម្រេចដាក់លក់សំបុត្រត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះមុនការប្រកួត គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈខាងមុខ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៧ល្ងាច (ម៉ោងនៅទីក្រុងម៉ានីល) ថ្ងៃទី១១-កុម្ភៈ។

ជុំវិញការប្រកួតនេះដែរ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានអះអាងថា បានត្រៀមខ្លួនរួចរាល់ដូចគ្នា ដើម្បីតតាំងជាមួយក្រុមខ្លាំងលំដាប់តំបន់ខាងលើ។ លោកបានទទួលស្គាល់ថា Ceres Negros គឺជាក្រុមខ្លាំង និងបានចំណាយធនធានយ៉ាងច្រើនលើកីឡាករ តែយ៉ាងណាលោកសប្បាយចិត្តនឹងបានជួបពួកគេ ហើយលោកក៏ទន្ទឹងចង់ឲ្យការប្រកួតមកដល់ឆាប់ៗដែរ។

គួរបញ្ជាក់ថា សម្រាប់បេសកកម្មប្រកួតពានរង្វាន់ AFC Cup 2020 វគ្គចែកពូលនេះ ក្រុមព្រះខ័នរាជស្វាយរៀង គឺស្ថិតក្នុងពូល G ជាមួយគូប្រជែង ៣ក្រុមទៀត រួមមាន Ceres Negros របស់ហ្វីលីពីន ក្លឹប Than Quang Ninh របស់វៀតណាម និងក្លឹប Bali United របស់ឥណ្ឌូនេស៊ី ហើយក្រុមនីមួយៗនឹងប្រើរូបមន្ដប្រកួតវិលជុំ ដោយប្រកួតក្នុងដី និងក្រៅដីម្ដងម្នាក់ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងវគ្គបន្ដ៕