(ក្រុងឡុងដ៍)៖ ១គ្រាប់ប៉េណាល់ទីនៅនាទី៨៨ របស់កីឡាករពាក់លេខ៧ Son Heung-min ក្នុងការទទួលបានជ័យ ជម្នះ ៣-២ ទៅលើក្រុមភ្ញៀវ Southampton ដើម្បីឡើងទៅជុំទី៥ វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup។

គ្រាប់បាល់ ១១ម៉ែត្ររបស់ Son គឺបានកើតឡើងនៅពេលដែលកីឡាករចាំទី Angus Gunn បង្កកំហុសទៅរូបគេ (Son) ក្រោយទទួលបាល់ពីមិត្តរួមក្រុមខ្សែបម្រើ Dele Alli ដែលត្រូវប្តូរចូលក្នុងប្រអប់គ្រោះថ្នាក់ នៅពេលលទ្ធផលកំពុងស្មើគ្នា ២-២ បណ្តោះអាសន្ននៅកីឡដ្ឋាន Tottenham Hotspur ស្ថិតក្នុងទីក្រុង London នោះ។

បន្ថែមលើនេះ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son ក៏បានក្លាយជា Man of the Match ក្នុងជំនួបបញ្ចប់វគ្គ ៣២ក្រុមនៃ FA Cup នារាត្រីថ្ងៃពុធ ទី០៥ ខែកុម្ភៈផងដែរ ដែលជួយឲ្យ Spurs ឡើងទៅកាន់វគ្គ ១៦ក្រុមជាបន្តទៀត ដោយត្រូវប៉ះក្រុមបាតតារាងនៅ Premier League, Norwich City ធ្វើឡើងនាដើមខែមីនាខាងមុខ។

Spurs ធ្លាប់ឈ្នះពាន FA Cup តែម្តងគត់កាលឆ្នាំ២០០៨ កន្លងទៅ និងបានកំពុងតែឈរនៅលេខរៀងទី៥ បណ្តោះអាសន្នផងដែរនៅ Premier League ដែលត្រូវប្រជែងទល់នឹង RB Leipzig ក្នុងវគ្គ ១៦ក្រុមនៃ UEFA Champions League ផងដែរ៕