(ភ្នំពេញ)៖ កវីនិពន្ធ អ្នកស្រី ពាន់ ភួងបុប្ផា កំពុងត្រៀមបញ្ចេញស្នាដៃថ្មីរបស់ខ្លួនមួយទៀតហើយ បន្ទាប់ពីភាពយន្តជាច្រើន ក្រោមការនិពន្ធ និងដឹកនាំសម្ដែងរបស់អ្នកស្រីទទួលបានការគាំទ្រ។ សមិទ្ធផលថ្មីដែលត្រៀមនឹងបង្ហាញនៅពេលនេះ គឺជាភាពយន្តភាគមានចំណងជើងថា «រសជាតិអ្នកមាន» ដែលទំហំទឹកប្រាក់នៃការផលិតត្រូវបានគេបង្ហើបឲ្យដឹងថា មានរហូតដល់ប្រមាណជា៣០ម៉ឺនដុល្លារឯណោះ ដែលជាការចំណាយមួយខ្ពស់គួរឲ្យកត់សម្គាល់។

អ្នកស្រី ពាន់ ភួងបុប្ផា​ បានសហការជាមួយ​ផលិតកម្ម អិមស៊ីអិនវី Picture រៀបចំពិធីក្រុងពាលី​ រឿងថ្មី «រសជាតិអ្នកមាន» នៅថ្ងៃ​ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីតាំងនៃស្ថានីយទូរទស្សន៍ភីអិនអិន ដោយមានវត្តមានថ្នាក់ដឹកនាំ ផលិតករ តារាសម្ដែង និងក្រុមការងារចូលរួមយ៉ាងច្រើនកុះករ។

អ្នកស្រី ពាន់ ភួងបុប្ផាភី បានបញ្ជាក់ឲ្យដឹងថា «រឿង «រសជាតិអ្នកមាន» គឺជាភាពយន្តភាគខ្មែររសជាតិថ្មីមួយ​ សម្រាប់ប៉ុស្តិ៍​ភីអិនអិន ដែលបានវិនិយោគទឹកប្រាក់ ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក​។ ការបោះទុនច្រើនក៏ដោយសារតែយើង ចង់ឲ្យរឿងមួយនេះមានភាពរស់រវើក​ សម្រិតសម្រាំងជាពិសេស និងយកគុណភាពរឿងជាចម្បង។ ទាំងតួសម្តែង ទាំងបច្ចេកទេស ទាំងការរៀបចំសម្លៀកបំពាក់តួជាដើម សុទ្ធតែត្រូវបានរៀបចំយ៉ាងល្អិតល្អន់បំផុត ដើម្បីធ្វើយ៉ាងណាឲ្យទស្សនិកជន បានបន្ត​ស្គាល់នូវរសជាតិ​រឿងភាគខ្មែរ​ថ្មីមួយទៀត»

លោកស្រីបន្ត​ថា រឿង «រសជាតិអ្នកមាន» ត្រូវបានផលិតឡើងជាពីរជំនាន់ តាំងពីជំនាន់ឪពុក រហូតដល់ជំនាន់កូន។ រឿងនេះបានឆ្លុះបញ្ចាំងពីធាតុពិត នៃសង្គម ថែមទាំងបង្កប់នូវអត្ថន័យអប់រំល្អៗជាច្រើន ពាក់ព័ន្ធនឹងគម្លាតរវាងអ្នកមាន និងអ្នកក្រ និងការរស់នៅរបស់ពួកគាត់ផងដែរ។

ដោយឡែកកញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ នៅទូរទស្សន៍ភីអិនអិន បានរំពឹង និងសង្ឃឹមយ៉ាងមុតមាំ​ថា ទស្សនិកជននឹងគាំទ្ររឿងភាគខ្មែរថ្មីមួយនេះ បន្ទាប់ពីចាក់ផ្សាយ​ នៅលើកញ្ចក់ទូរទស្សន៍។ ការគាំទ្ររបស់ទស្សនិកជន គឺជាកម្លាំងចិត្តដ៏សំខាន់មួយ ដែលធ្វើក្រុមកាងារភីអិនអិនទាំងមូល អាចបន្តផលិត និងបង្កើតអ្វីដែលថ្មីៗជាបន្តទៀត។

សូមបញ្ជាក់ថា ក្នុងពិធីក្រុងពាលីរឿងនេះ មានការចូលរួមពីសំណាក់ផលិតករ អ្នកស្រីពាន់ ភួងបុប្ផា ​និងតារាសម្តែងល្បីៗ ទាំងតារាជើងចាស់ និងតារាដែលទើបនឹងរះ មានដូចជា លោក ជា សំណាង, អ្នកនាង កែវ យ៉ាវិញ, កញ្ញា ខាត់ យ៉ាឡាង, កញ្ញា ម៉ូនី វិជ្ជរ៉ា, លោក អេតវីន, កញ្ញា ទឹម រដ្ឋា, លោក សម្បើម ស័ក្តិ​ រួមនឹងសិល្បករ-សិល្បការិនីជាច្រើនរូបទៀត៕