(ភ្នំពេញ)៖ បទចម្រៀង «ចាបយំល្វើយៗ» របស់លោក ចាន់ មករា មួយបទនេះ កំពុងល្បីខ្លាំងនៅកម្ពុជា និងត្រូវបានបងប្អូនខ្មែរនិយមស្តាប់ ច្រៀង និងរាំលេងកំសាន្ត រាល់ពេលថ្ងៃឈប់សម្រាក ឬជួបជុំគ្នាម្តងៗ។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះ «ចាបយំល្វើយៗ» បានល្បីទៅដល់ប្រទេសបារាំងហើយ ខណៈម្ចាស់បទក៏បានចេញទៅច្រៀងនៅទីនោះផ្ទាល់ និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ ពីបងប្អូនខ្មែរដែលកំពុងរស់នៅទីនោះ។

ជាការកត់សម្គាល់ លោក ចាន់ មករា ​ជាម្ចាស់បទ «ចាបយំល្វើយៗ» បានចេញទៅច្រៀងនៅប្រទេសបារាំងរយៈពេល១ខែកន្លះ និងត្រូវត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។ រយៈពេលមួយខែកន្លះ​ គឺពិតជាលឿនណាស់​សម្រាប់លោក ព្រោះបើមើលពីសន្ទុះនៃការគាំទ្រ​ ពីសំណាក់បងប្អូនខ្មែរនៅទីនោះ គឺមានអ្នកចូលរួមទស្សនា និងរាំលេងកម្សាន្តពេញៗសាលប្រគំតន្រ្តីតែម្តង ពេលដឹងថា ម្ចាស់បទទៅដល់ទីនោះផ្ទាល់។

ថ្លែងតាមរយៈសារអេឡិចត្រូនិច ពីប្រទេសបារាំង លោក ចាន់ មករា បានឲ្យ​ដឹងថា ជាមួយនឹងការនាំយកនូវភាពជោគជ័យ ត្រឡប់មកកម្ពុជាវិញ ពេលនេះលោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង មានការស្រឡាញ់រាប់អានចូលចិត្ត និងគាំទ្ររូបលោក ជាពិសេសគាំទ្របទចម្រៀងរបស់លោក ​ធ្វើឲ្យមានមោទនភាពជាខ្លាំង។ តែយ៉ាងណា លោកក៏សោកស្តាយដែរ ដែលបានទៅសម្តែងជូនបងប្អូនខ្មែរទស្សនា នៅទីនោះមានរយៈពេលខ្លី ហើយបើមានឱកាស លោកនឹងទៅសម្តែងនៅបារាំងម្តងទៀត។

គួរជម្រាបថា លោក ចាន់ មករា គឺជាតារាចម្រៀងមួយរូប ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន តាមរយៈការចម្រៀងនូវចម្រៀងមួយបទ ក្រោមចំណងជើងថា «ចាបយំល្វើយៗ», បទ «​បារីសបណ្ដូលចិត្ត», បទ «ខ្លួនចាស់ចិត្តចង់», បទ «បងខំស្កាត់រក» និង បទ«ព្រះឥន្ទទាត់សី» ដែលបងប្អូនខ្មែរ សឹងតែគ្រប់ទិសទីនិយមស្តាប់ ​ច្រៀង និងរាំ រាល់ពេលសម្រាកពីការងារម្តងៗ​។

តារាចម្រៀង​ ចាន់ មករា មានស្រុកកំណើត នៅ​ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ​មុននឹងលោកមានឈ្មោះល្បីដូចសព្វថ្ងៃនេះ លោកធ្លាប់ច្រៀងនៅតាមពិធីមង្គលការ​ អស់រយៈពេល១០ឆ្នាំមកហើយ។ ជាមួយគ្នានេះ ក្រៅពីការចេញទៅច្រៀងនៅប្រទេសបា​រាំង កន្លងមកលោកក៏ធ្លាប់ចេញទៅច្រៀង នៅក្រៅប្រទេសច្រើនមកហើយ​ ដូចជាប្រទេសញូវសេទ្បែន, អូស្រ្តាលី និងប្រទេសកា​ណាដា ជាដើម៕​