(ភ្នំពេញ)៖ ខណៈខ្សែភាពយន្តបែបកម្សត់ និយាយពីការតស៊ូរបស់ឪពុក ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូន ដែលដកស្រង់ចេញពីរឿងពិតក្នុងសង្គម កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តនោះ, MV ចម្រៀងផ្លូវការក្នុងភាពយន្តនេះ ក៏ត្រូវបានបញ្ចេញឡើង ជាមួយនឹងអត្ថន័យទៅណាមិនឆ្ងាយពីការប្រឹងប្រែងរបស់បុគ្គលជាឪពុក ស៊ូលំបាកដើម្បីកូនៗ។ ចម្រៀងនេះ មានចំណងជើងថា «ដើម្បីកូន» ដែលច្រៀងដោយតារាស្រី ឈើន សេរីរត្ន័ (ស្វាយ ខ្ចី) ពិរោះរណ្តំចិត្តតែម្តង។

ក្រៅពីបង្ហាញសកម្មភាពលំបាករបស់បុរសជាឪពុក ខិតខំធ្វើការទាំងខ្លួនឈឺ ដើម្បីកូនៗហើយនោះ ក្នុងវីដេអូចម្រៀងនេះ ថែមទាំងឆ្លុះបញ្ចាំងនូវឈុតសំខាន់ៗមួយចំនួនក្នុងភាពយន្ត «ដើម្បីកូន» ផងដែរ។ ងាកមកសំនៀងយ៉ាងពិរោះរណ្តំ របស់តារាស្រី ឈើន សេរីរ័ត្ន ក្នុងការបញ្ចូលមនោសញ្ចេតនាស៊ីជម្រៅ ក្នុងចម្រៀងបែបកម្សត់ផងនោះ កាន់តែធ្វើឲ្យទស្សនិកជនដែលបានទស្សនាវីដេអូចម្រៀងនេះហើយ ស្រក់ទឹកភ្នែកមិនដឹងខ្លួន ជាពិសេសអ្នកដែលមានការលំបាកក្នុងជីវិតតែម្តង។

គួរបញ្ជាក់ថា ខ្សែភាពយន្តបែបអប់រំ ដកស្រង់ចេញពីជីវិតពិតក្នុងសង្គមរឿង «ដើម្បីកូន» របស់ផលិតកម្ម «កថាជ័យ» នឹងចាប់ផ្ដើមធ្វើការចាក់បញ្ចាំង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅគ្រប់រោងភាពយន្ត។ ក្នុងនោះ ផលិតករល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបង្ហាញពីក្តីរំពឹងយ៉ាងមុតមាំ ថាមានការគាំទ្រច្រើន ព្រោះនេះជារឿង មួយដកស្រង់ចេញពីជីវិតពិត និងអប់រំ អាចទស្សនាបានគ្រប់វ័យ មិនដូចរឿងភ័យរន្ធត់ទស្សនាបានសម្រាប់ តែយុវវ័យនោះទេ៕