(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ទោះបីរកឃើញបញ្ហាអសកម្ម នៅតាមសហព័ន្ធ និងស្ថាប័នពាក់ព័ន្ធមួយចំនួន តែថ្នាក់ដឹកនាំក្រសួងមិនចង់អនុវត្តន៍តឹងរឹងពេក រហូតដល់ការវះកាត់នោះទេ ព្រោះការសម្រេចចិត្តដូច្នេះ រមែងប៉ះពាល់សតិអារម្មណ៍ ក៏ដូចជាការខិតខំប្រឹងរបស់កីឡាករ-កីឡាការិនី។ ប៉ុន្ដែក្រសួង ក៏មិនបណ្ដោយឲ្យបុគ្គល ២នាក់ ឬ ៣នាក់ ធ្វើព្យុះភ្លៀវ ឬរារាំងការអភិវឌ្ឍវិស័យកីឡាជាតិដែរ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅភោជនីដ្ឋានទន្លេបាសាក់ទី២ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ លោកថា ក្នុងនាមអាណាព្យាបាល មកទល់ពេលនេះ ក្រសួងមិនទាន់មានការវះកាត់ទេ តែនឹងមានការប្រជុំផ្ទៃក្នុងបន្ថែម ដើម្បីតាមដានសហព័ន្ធណាខ្លះធ្វើល្អ ឬមិនបានល្អ។ ហើយលោកបានក្រើនរំឮកគ្រប់សហព័ន្ធ និងស្ថាប័នពាក់ព័ន្ធមិនត្រូវជិះសេះប្រលែងដៃនោះទេ។

រដ្ឋលេខាធិការក្រសួងអប់រំដដែលបញ្ជាក់ថា «ចំពោះការវះកាត់នេះ ទាំងថ្នាក់ដឹកនាំក្រសួងទាំងអស់ មិនចង់ទៅដល់ចំណុចនេះទេ ដោយសារការសម្រេចចិត្តការវះកាត់ណាមួយ តែងតែប៉ះនូវសតិអារម្មណ៍ ឬកីឡាករ-កីឡាការិនីក្នុងសហព័ន្ធ ដែលបានខិតខំប្រឹងប្រែង។ ក្នុងន័យនេះ យើងមិនឲ្យបុគ្គល ២នាក់ ឬ ៣នាក់ ធ្វើព្យុះធ្វើភ្លៀង ពិសេសមិនដើរតាមលក្ខខណ្ឌក្រសួងនោះទេ តែបើគាត់មិនអនុវត្តន៍ ឬមានសកម្មភាពច្បាស់លាស់ យើងនឹងហៅពួកគាត់មកណែនាំ ឬអប់រំ ដើម្បីឲ្យគាត់ធ្វើតាម»

លើសពីនេះ លោកបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវហ៊ានសារភាព បើខ្លួនអសមត្ថភាព ដើម្បីរកដំណោះស្រាយបន្ថែមទៀត។ លោកថា «ដើម្បីទទួលបានជោគជ័យ ក្រសួង សហព័ន្ធ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវសហការ ពិសេសចូលរួមសារភាពទាំងអស់គ្នា សារភាពថា ខ្ញុំធ្វើអត់រួចទេ ឬខ្វះធនធាន ឬមិនមានលក្ខណៈសម្បត្តិគ្រប់គ្រន់ សម្រាប់បំពេញការងារនេះ ចឹងបញ្ហាត្រូវដាក់លើតុ គឺនៅសល់ច្រើន ហើយសហព័ន្ធទាំងអស់ ត្រូវបន្ដធ្វើ និងតាមដានសកម្មភាពរបស់គាត់ទាំងអស់គ្នា»

គួរបញ្ជាក់ថា ក្រោយពេល ២ថ្ងៃ កិច្ចប្រជុំខាងលើ ក្រសួងអប់រំ បានដាក់ទិសដៅអនុវត្តន៍ជាច្រើន សម្រាប់ស្ថាប័ន ៤ធំៗអនុវត្តន៍រួមមាន នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នាយកដ្ឋានអប់រំកាយ និងកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ ហើយការងារសំខាន់ជាងគេ គឺមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលត្រូវផ្ដោតលើការអភិវឌ្ឍន៍ក្រុមជម្រើសជាតិ ទាំងក្រុមធំ និងថ្នាល សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ក៏ដូចជាសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ទៀតផង៕