(កូឡាឡាំពួរ)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអាស៊ី AFC Champions League ឆ្នាំ២០២០ ដែលមានក្លឹបចិនចូលរួមចំនួន៣ ផងដែរនោះ បានប្រកាសពីការពន្យារពេលប្រកួតរហូតដល់ខែមេសា និងឧសភា ឆ្នាំ២០២០ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា កើនដល់ ២៤ប្រទេសហើយជុំវិញពិភពលោកនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំបន្ទាន់១ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីនាថ្ងៃអង្គារ ទី០៤ ខែកុម្ភៈម្សិលមិញនេះរបស់ AFC គឺបានសម្រេចផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតគ្រប់ការប្រកួតទាំងអស់ដែលត្រូវបានធ្វើឡើងនៅទឹកដីចិន ពោលគឺប្តូរការប្រកួតពីខែកុម្ភៈ និងមីនា ទៅធ្វើនៅខែមេសា និងខែឧសភា ឆ្នាំ២០២០ វិញ។

គួរបញ្ជាក់ផងថា ចិនមានក្លឹប៣ សម្រាប់លេងនៅ AFC Champions League រដូវកាលនេះរួមមាន Shanghai Shenhua, Shanghai SIPG និង Beijing FC ដែលសុទ្ធសឹងតែប៉ះក្លឹបរបស់ប្រទេសអូស្រា្តលីទាំង៣ ផងដែរ ស្របពេលប្រទេសនៅអាស៊ីដូចគ្នានេះ (អូស្រ្តាលី) ទើបតែប្រកាសបិទជើងហោះហើរជាបណ្តោះអាសន្នជាមួយប្រទេសចិន គ្រាដែលកម្មវិធីផ្សេងដែលធ្វើឡើងក្រៅពីប្រទេសចិន នឹងបន្តធ្វើឡើងដដែលទៅតាមពេលវេលាដែលបានកំណត់ដោយ AFC។

គួរបញ្ជាក់ផងដែរថា វីរុសកូរ៉ូណា (Coronavirus) បានសំលាប់មនុស្សកើនដល់ជាង ៤០០នាក់ និងមានច្រើនជាង ២០,០០០ដែលបានឆ្លង សាយភាយដល់ ២៤ប្រទេសហើយពេលបច្ចុប្បន្ន គិតចាប់តាំងពីវីរុសដ៏កាចសាហាវនេះផ្ទុះឡើងដំបូងកាលពីចុងខែមករា ឆ្នាំ២០២០ នៅទីក្រុង Wuhan ស្ថិតក្នុងខេត្តហឺប៊ី ប្រទេសចិន៕