(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney ត្រូវប្រជែងលើទីលានជាមួយអតីតក្រុមចាស់ Manchester United នៅជុំទី៥ នៃពានរង្វាន់ FA Cup ឆ្នាំ២០២០ ក្រោយ Derby County បានយកឈ្នះក្រុម Northampton Town ទាំងពីរជើងក្នុងលទ្ធផល ៤-២ ខណៈរូបគេក៏អាចរកបាន ១គ្រាប់ដោយបាល់ប៉េណាល់ទីផងដែរនារាត្រីថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២០។

Rooney រកបាន ១គ្រាប់ដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទី៧៧ ខណៈ ៣គ្រាប់ទៀតរកបានដោយមិត្តរួមក្រុម Andre Wisdom នៅនាទី២៨ កីឡាករ Duane Holmes រកបាននៅនាទី៣៥ និង Jack Marriott នៅនាទី៥១ គ្រាដែលក្រុមគូប្រជែងរកបានតែ ២គ្រាប់ដោយកីឡាករ Nicky Adams និង Sam Hoskins ដោយបាល់ប៉េណាល់ទីនៅនាទី៨៤ ចុងម៉ោង។

Derby County នឹងត្រូវជួបក្រុមខ្លាំង បិសាចក្រហម Manchester United នៅជុំទី៥ នៅទឹកដី Pride Park នាថ្ងៃទី៦ខែមីនាខាងមុខនេះ ដោយពេលនោះអតីតខ្សែប្រយុទ្ធឆ្នើម Rooney នឹងត្រូវប្រឈមមុខជាមួយក្រុមដែលរូបគេធ្លាប់មានពេលវេលាដ៏អស្ចារ្យ និងជោគជ័យខ្លាំងដែលបានឈ្នះពានរង្វាន់ជាច្រើនមួយចំនួនដូចជាពាន FA Cup ១លើកកាលឆ្នាំ២០១៥-២០១៦ និងពានលីគកំពូល Premier League ៥លើក និងពាន Champions League ១លើក ខណៈក្រុម Derby County ក៏ធ្លាប់ឈ្នះពាន FA Cup ១លើកកាលឆ្នាំ១៩៤៦ ដែរ៕