(ភ្នំពេញ)៖ ទិវា «ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង» លើកទី២ នឹងមកដល់នាចុងសប្ដាហ៍នេះហើយ ស្របពេលមានប្រជាពលរដ្ឋខ្មែរ និងថៃជាច្រើនបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ដោយគ្មានការបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus) ឡើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា មកទល់ពេលនេះ អ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍ខាងលើ​បានកើនឡើងគួរឲ្យកត់សម្គាល់ ហើយពួកគេបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួម ពិសេសភាគីថៃបានត្រៀមប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់ចូលរួមដែរ។ ជារួមទាំងប្រជាពលរដ្ឋខ្មែរ ថៃ និងជនបរទេសមួយចំនួន បានត្រៀមចូលរួមដោយពុំបារម្ភពីវីរុសកូរ៉ូណានោះទេ។

លោកបន្ដថា «ការត្រៀមលក្ខណៈរបស់យើង បានដំណើរការយ៉ាងរលូន ហើយមិនមានអ្វីប៉ះពាល់ ឬកង្វល់អ្វីរឿងជំងឺឆ្លងកូរ៉ូណា យើងអត់មានបារម្ភពីរឿងហ្នឹងទេ ព្រោះយើងគិតតែពីការរៀបចំ គិតពីការត្រៀមលក្ខណៈឲ្យបានល្អប្រសើរ។ ចឹងមកដល់ថ្ងៃនេះ ខាងថៃគេក៏បានរៀបចំហើយដែរ មានប្រជាពលរដ្ឋ សិស្ស និងកងកម្លាំងរបស់ថៃ ត្រៀមចូលរួមរត់ជាង ៧០០នាក់ និងជិះកង់ ៣០០នាក់ទៀត ដូច្នេះរឿងហ្នឹង (កូរ៉ូណា) អត់មានអីប៉ះពាល់ដល់ព្រឹត្តិការណ៍យើងទេ»

បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា «កីឡាករ-កីឡាការិនី ឬជាអ្នកចូលចិត្តលេងកីឡា មានកម្លាំងកាយមាំមួន មិនងាយនឹងឆ្លងជំងឺទេ។ ហេតុនេះសូមប្រជាពលរដ្ឋ ចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ទាំងផ្លូវកាយ និងបញ្ញាស្មារតី ពិសេសចូលរួមព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ដ្រ ដែលនឹងរៀបចំនៅតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមឲ្យបានច្រើន ដើម្បីរួមចំណែកផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៃតំបន់ប្រវត្តិសាស្ដ្រអន្លង់វែងនេះផងដែរ»

គួរបញ្ជាក់ថា ទិវា «ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែង» គ្រោងនឹងរៀបចំរយៈពេល ៣ថ្ងៃ នៅថ្ងៃទី០៧-០៩ ខែកុម្ភៈចុងសប្ដាហ៍នេះ ក្នុងគោលបំណងគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម ក៏ដូចជាអបអរខួប ២០ឆ្នាំ នៃការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៨។ ចំពោះប្រភេទកីឡា ត្រៀមរៀបចំក្នុងព្រឹត្តិការណ៍នេះ រួមមានរត់កម្សាន្ដលើភ្នំដរែកង ការជិះកង់ ការប្រកួត និងសម្ដែងកីឡាចំបាប់ ល្បុក្កតោ ប្រណាំងទូកខ្នាតតូច និងការប្រកួតមិត្តភាពបាល់ទះកម្ពុជា-ថៃជាដើម៕