(មេនឆេស្ទើ)៖ ខ្សែបម្រើ Raheem Sterling បានថ្លែងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់តតាំងទល់នឹងក្រុមអេស្ប៉ាញ Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ UEFA Champions League នាចុងខែនេះ។

កីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេសខាងលើបានថ្លែងប្រាប់ Goal ថា «Real Madrid ជាក្រុមដ៏គួរឲ្យខ្លាចនៅ UCL តែយើងមិនខ្លាចនោះទេ សំខាន់គឺដំណើរឆ្ពោះទៅវគ្គ ៨ក្រុមជាបន្តទៀត។ ក្រុមយើងធ្វើមិនបានល្អសោះក្នុង ២ប្រកួតចុងក្រោយ តែពួកយើងនឹស្តារមុខមាត់ឡើងវិញ ពេលប៉ះ Real Madrid នៅទឹកដី Santiago Bernebue»

កីឡាករវ័យ ២៥ឆ្នាំ Sterling បានរងរបួសសរសៃពួរតិចតួចផងដែរ ក្នុងជំនួបដែល Manchester City បរាជ័យ ២-០ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Tottenham Hotspur កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ដែលធ្វើឲ្យក្រុមរបស់លោក Pep Guardiola ចាញ់ក្រុមកំពូលតារាង Liverpool កើនដល់ ២២ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៥ នៅ Premier League។

Man City នៅមានពាន៣ ដែលត្រូវប្រជែងរួមមាន League Cup, FA Cup និងពានរង្វាន់ធំ UEFA Champions League ដ្បិត Premier League ស្ទើរតែ ១០០ភាគរយអស់ឱកាសទៅហើយនោះ ដោយនៅសល់តែ ១៣ប្រកួតទៀតប៉ុណ្ណោះ៕