(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង ប៊ុនធឿន ប៊ុនណារ៉ុង បានឲ្យដឹងថា ខ្លួនត្រូវចំណាយពេលសម្រាក និងព្យាបាលរបួសប្រមាណ ៣ខែទៀត ទើបអាចត្រឡប់ចូលទីលានវិញបាន ។ ការបញ្ជាក់ដូច្នេះ គឺបន្ទាប់ពីគេ បានផ្ទេរពីសាលាបាល់ទាត់ជាតិបាទី មកកាន់ក្លឹបវិសាខា កាលពីថ្មីៗ ។

កីឡាករវ័យ ១៨ឆ្នាំរូបនេះ បាននិយាយថា «ចំពោះរបួសរបស់ខ្ញុំ (ដាច់សរសៃពួរ-ACL) បច្ចុប្បន្ន គឺបានល្អប្រសើរច្រើនហើយ ហើយខ្ញុំក៏បានជជែកជាមួយវិជ្ជបណ្ឌិតដែរ គាត់ថា ប្រហែល ៣ខែទៀត ខ្ញុំអាចលេងពេញលើទីលានបានវិញហើយ»

គួរដឹងថា ប៊ុនធឿន ប៊ុនណារ៉ុង គឺបានធ្វើការវះកាត់ដោយជោគជ័យ កាលពីចុងខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរងរបួសដាច់សរសៃពួរ (ACL) អំឡុងពេលជួយក្រុម U18 កម្ពុជា តតាំងជាមួយក្រុម U18 សិង្ហបុរី ក្នុងពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណា ។

យុវជនចំណាយពេលជាង ៤ឆ្នាំ នៅសាលាបាល់ទាត់ជាតិបាទីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងគាំទ្រជាច្រើន តាមរយៈការខំប្រឹងប្រែងជាមួយអាជីពលើវាលស្មៅរបស់ខ្លួន ក្នុងជំនាន់រួមគ្នានឹងកីឡាករ សៀង ចន្ធា ដោយគេធ្លាប់រួមចំណែកជួយក្រុមជម្រើសជាតិយុវជនកម្ពុជា ក្នុងការប្រកួតអន្ដរជាតិជាច្រើននាពេលកន្លងមក ។ វិសាខា គឺជាក្លឹបអាជីពដំបូងរបស់ ប៊ុនណារ៉ុង ក្រោយគេចេញពីបាទី៕