(កេនយ៉ា)៖ ទ្វីបអាហ្រ្វិកខាងកើតត្រូវបានទទួលរងការវាយប្រហារយ៉ាងខ្លាំងនារយៈពេល ៧០ឆ្នាំមកនេះ ដោយសារវត្តមានការលេចឡើង នៃពពួកហ្វូងកណ្ដូបជាច្រើនក្បាលស្ថិតនៅឯប្រទេសកេនយ៉ា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

វត្តមានសត្វកណ្តូបរាប់ពាន់លានក្បាលត្រូវបានគេប្រទះឃើញ បាននឹងកំពុងហោះហើរពាសពេញផ្ទៃទ្វីប ដែលបច្ចុប្បន្ននេះអង្គការចំណីអាហារ និងកសិកម្មពិភពលោក ក៏បានធ្វើការរៀបចំគម្រោងអំពាវនាវជាទឹកប្រាក់ចំនួន ៧៦លានដុល្លារ ដើម្បីគ្រប់គ្រងដោះស្រាយនូវបញ្ហាដែលកំពុងជួបប្រទះនេះ។

ក្រសួងកសិកម្មប្រទេសកេនយ៉ាផ្ទាល់ក៏បានធ្វើការរៀបចំនូវយន្តហោះចំនួន ៥គ្រឿង ដោយការប្រើប្រាស់ថ្នាំបាញ់កំចាត់គីមីទៅកាន់តំបន់មួយផ្នែក នៅភាគខាងជើងប្រទេសកេនយ៉ា។ ប៉ុន្តែយើងក៏បានប្រទះឃើញថា ការលេចឡើងវត្តមាននូវពពួកហ្វូវសត្វប្រភេទនេះ នូវតែការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

វាក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នែកមួយចំនួននៃប្រទេសអេត្យូពីយ៉ា និងសូម៉ាលីយ៉ាផងដែរ។ បញ្ហានេះកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលការព្យាករណ៍ធាតុអាកាសចំពោះការធ្លាក់ភ្លៀងនាពេលខាងមុខផងនោះ ដែលជាហេតុអាចបង្ករឲ្យស្ថានការណ៌កាន់តែមានភាពវឹកវរជាងមុនទៀត៕