(វូហាន)៖ ក្រុមហ៊ុនឧស្សាហកម្មផលិតស្រោមដៃនៅខេត្ត សានស៊ី ភាគខាងជើងប្រទេសចិន បានធ្វើការបង្អាក់ឱកាសឈប់សម្រាកចំពោះបុគ្គលិកក្រុមហ៊ុនទាំងអស់ នារដូវកាលនិទាឃរដូវ ដើម្បីដោះស្រាយបញ្ហាស្ដីពីកង្វះខាតនូវការផ្គត់ផ្គង់ឧបករណ៍គ្រឿងឧេបក្ខាវេជ្ជសាស្រ្តមួយចំនួន សម្រាប់មន្ទីរពេទ្យជុំវិញករណីការរីករាលដាលនៃវីរុសជម្ងឺកូរ៉ូណា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ចាប់តាំងពីថ្ងៃទី២៤ ខែមករាមកម៉្លេះ សកម្មភាពបុគ្គលិករបស់រោងចក្រទាំងមូលមានសភាពស្វិតស្វាញយ៉ាងខ្លាំង ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។ ចំនួន​ស្រោមដៃជាច្រើនត្រូវបានផលិតឡើង ដោយក្នុងនោះគេបានឱ្យដឹងថា ក្រុមការងារផលិតកម្មនីមួយៗចំនួន ៦ ផ្នែកអាចធ្វើការផលិតបានរហូតដល់បួនលានគូឯណោះក្នុងមួយថ្ងៃ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏បានធ្វើការបរិច្ចាគស្រោមដៃចំនួនមួយលានគូទៅកាន់ទីក្រុងវូហាន និងទីក្រុងមួយចំនួនផ្សេងទៀត ដែលទទួលការរងគ្រោះពីវីរុសដ៏កាចសាហាវនេះកាលពីថ្ងៃទី២៨ ខែមករាកន្លងទៅ។