(ភ្នំពេញ)៖ ស្របពេលវិស័យកីឡាជាតិ កំពុងរីកចម្រើន ហើយមានសហព័ន្ធកីឡាជាច្រើន បានដុតដៃដុតជើងខំប្រឹងអភិវឌ្ឍន៍ ដើម្បីសម្រួចទិសដៅត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ក៏មានសហព័ន្ធមួយចំនួនតូច នៅមិនទាន់មានសកម្មភាពផុសផុលដែរ។ ជុំវិញករណីនេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានព្រមានថា បើសិនសហព័ន្ធកីឡាជាតិទាំងនោះ បន្ដអសកម្មទៀត ក្រសួងនឹងពិចារណាដកការឧបត្ថម្ភតែម្ដង។

ការបញ្ជាក់ដ៏ម៉ឹងមាត់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅភោជនីដ្ឋានទន្លេបាសាក់ទី២ នៅថ្ងៃទី០៣ ខែកុម្ភៈនេះ ក្រោមវត្តមានលោក ស សុខា និងមានការចូលរួមពីមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត និងតំណាងសហព័ន្ធកីឡាជាតិចំនួន ៤៧ទៀត។

លោក ស សុខា បានថ្លែងថា សម្រាប់រដូវកាលថ្មីនេះ ក្រសួងអប់រំ បានត្រៀមកញ្ចប់ថវិកា សម្រាប់ឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាជាតិចំនួន៤០ តែក្នុងនោះក៏មានសហព័ន្ធខ្លះ នៅអសកម្មក្នុងការងារនៅឡើយ។ ហេតុនេះ ក្រសួងនឹងបន្ដត្រួតពិនិត្យបន្ថែមទៀត បើរកឃើញថា សហព័ន្ធទាំងនោះ គ្មានសកម្មភាព ឬគ្មានរបាយការណ៍ការងារច្បាស់លាស់មកកាន់តែក្រសួងអប់រំទេ ក្រសួងនឹងពិចារណាកាត់បន្ថយ ឬដកការឧបត្ថម្ភតែម្ដង។

គួរបញ្ជាក់ថា កិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា និងលើកទិសដៅការងារឆ្នាំ២០២០ ខាងលើ គឺគ្រោងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែកុម្ភៈនេះ ដើម្បីបង្ហាញនូវវិវឌ្ឍន៍ការងារសំខាន់ៗមួយចំនួន ក៏ដូចជាជំរុញការអភិវឌ្ឍន៍វិស័យកីឡា តាមគ្រឹះស្ថានអប់រំនានា ដើម្បីចម្រាញ់រកធនធានកីឡាករ-កីឡាការិនីឆ្នើម ត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕