(ភ្នំពេញ)៖ លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហើបថា ប្រាក់រង្វាន់ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ នឹងត្រូវដំឡើងច្រើនជាងមុន តែក្នុងទំហំជាក់លាក់ប៉ុន្មាននោះ លោកមិនទាន់លម្អិតនោះទេ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនបើកការប្រកួតរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាពេលឆាប់ៗខាងមុខ។

មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជារូបនេះបាននិយាយថា «ពាក់ព័ន្ធនឹងរឿងប្រាក់រង្វាន់ ឥឡូវថ្នាក់ដឹកនាំ និងគណៈកម្មការ កំពុងតែត្រួតពិនិត្យ ព្រោះវាអាស្រ័យទៅលើការឧបត្ថម្ភ។ ប៉ុន្ដែសម្រាប់រដូវកាលឆ្នាំ២០២០ យើងនឹងមានការកែសម្រួល មានន័យថា យើងនឹងដំឡើង គ្រាន់តែឡើងប៉ុន្មាន ក្រុមការងារនឹងបញ្ជាក់ជូនតាមក្រោយ ព្រោះយើងកំពុងពិនិត្យទៅលើចំនួន នៃការឧបត្ថម្ភ»។ តែលោកថា ប្រាក់រង្វាន់ក្រុមលេខ២ និងលេខ៣ គឺរក្សានៅដដែល។

គួរដឹងថា ប៉ុន្មានរដូវកាលមុន សម្រាប់ប្រាក់រង្វាន់ក្រុមជើងឯកលីគកំពូលកម្ពុជា គឺត្រឹម ៦០លានរៀលប៉ុណ្ណោះ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានមតិរិះគន់មួយចំនួនដែរ ដោយពួកគេបានបញ្ចេញទស្សនៈស្រដៀងៗគ្នាថា ប្រាក់រង្វាន់នេះ មិនសមាមាត្រទៅនឹងការចំណាយរបស់ក្លឹបនីមួយៗ ពិសេសក្លឹបធំៗ ដែលបានចំណាយធនធានយ៉ាងច្រើន ដើម្បីធ្វើការអភិវឌ្ឍន៍ និងចំណាយលើប្រាក់ខែកីឡាករ សម្រាប់ចូលរួមការប្រកួតប្រជែងលីគជាច្រើនខែ។

ក្រឡេកមកចាប់អារម្មណ៍លីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ វិញ គឺនៅសល់ពេលតែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើមការប្រកួតហើយ ដោយមាន ១៣ក្រុមចូលរួម ហើយគ្រោងប្រើពេលប្រកួត ២៦សប្ដាហ៍ ពោលគឺនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៥ ខែកុម្ភៈខាងមុខ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០៕