(ភ្នំពេញ)៖ អាចនិយាយបានថា តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីដំបូង ដែលបានផ្តល់ប្រាក់ចំណូលគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ ដល់កវីនិពន្ធ យឹម តាស្រង់ ២០ភាគរយ ដើម្បីជាការដឹងគុណ ខណៈលោក យឹម តាស្រង់ ប្រហែលជាអ្នកនិពន្ធដំបូងផងដែរ ដែលទទួលបានភាគលាភពីតារាចម្រៀងបែបនេះ។ ជាក់ស្តែង ថ្មីៗនេះ⁣តារាចម្រៀង តន់ ច័ន្ទសីមា និងកវីនិពន្ធល្បីឈ្មោះ យឹម តាស្រង់ បានធ្វើកិច្ចព្រមព្រៀងរួមគ្នាមួយ សម្រាប់ការចែកភាគលាភដូចលើកឡើងខាងលើ ហើយនេះក៏ជាការដឹងគុណពីសំណាក់តារាចម្រៀង ទៅកាន់អ្នកនិពន្ធផងដែរ ព្រោះបើគ្មានកវីនិពន្ធទំនុកច្រៀងនិងបទភ្លេងឲ្យនោះទេ តារាចម្រៀងក៏មិនអាចល្បីដោយងាយបានដែរ។

ជាក់ស្តែង តាមរយៈសារហ្វេសប៊ុករបស់លោក យឹម តាស្រង់ បានសរសេរទាំងអារម្មណ៍រំភើបថា «រំភើបបំផុតមួយជីវិតនេះខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែកផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ 20% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាពពេញចិត្ត អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រីពិតជាមិនខកបំណងមែន។ អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង ប្អូនប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរ ដែលបានទទួលការចែកភាគលាភបែបនេះ ពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បងនិងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរ ដល់បងប្អូនក្រុមមេធាវី និងសាក្សី ហើយជាពិសេសនោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងលឺក្នុងកិច្ចសន្យានេះ»

តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាងដែលចេញមក ក្រោមផលតិផល Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ជាក់ស្តែងបទថ្មី ចុងក្រោយជាច្រើនរបស់នាង ដែលជាស្នាដៃរបស់លោក យឹម តាស្រង់ ត្រូវបានចាក់គ្រប់ទិសទី គឺបទ «បើមិនស្មោះស្រឡាញ់រកងាប់អី», និងបទដែលកំពុងផ្ទុះខ្លាងដូចជាបទ «ឡានសារ៉ែន» និងបទចម្រៀងផ្សេងទៀតជាច្រើន។

ទន្ទឹមនឹងការផ្តល់ប្រាក់ចំណូលផ្ទាល់ខ្លួន ដល់អ្នកនិពន្ធយឹម តាស្រង់⁣ ពេលនេះត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ នូវទឹកចិត្តរបស់តារាចម្រៀងស្រី តន់ ច័ន្ទ សីហា។ ជាពិសេស នេះជាសកម្មភាពមួយផ្តល់តម្លៃដល់អ្នកនិពន្ធ ហើយក៏អាចនិយាយបានថា សីម៉ា ជាតារាស្រីដំបូង ដែលមានទឹកចិត្តដឹងគុណ និងចេះចែករំលែកប្រាក់ចំណូលដល់អ្នកនិពន្ធដូចពេលនេះ៕