(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធពាក់លេខ៩ Karim Benzema ត្រូវការតែ ១គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបាន ១៣គ្រាប់ស្មើគូប្រជែង Lionel Messi ក្នុងតំណែង Top scorer ដើម្បីឆ្ពោះទៅប្រជែងស្បែកជើងមាសនៅក្របខណ្ឌកំពូលអេស្ប៉ាញ La Liga រដូវកាលឆ្នាំ២០១៩-២០២០ នេះ។

កីឡាករដែលក្រុមជម្រើសជាតិបារាំងលែងត្រូវការខាងលើនេះ រកបានគ្រាប់ទី១២ របស់ខ្លួន ក្នុងជំនួបដែល Derby ពេល Real Madrid បានយកឈ្នះគូប្រជែង Atletico Madrid ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Santiago Bernabeu កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីបន្តកាន់កាប់តំណែងកំពូល La Liga ២សប្តាហ៍ចុងក្រោយនេះទៀតដែរ ដោយមាន ៤៩ពិន្ទុនាំមុខក្រុមការពារជើងឯក FC Barcelona ដែលកំពុងឈរនៅលេខ២ មាន ៤៦ពិន្ទុ គីតត្រឹម ២២សប្តាហ៍មកនេះ។

១គ្រាប់ជ័យជម្នះរបស់ Benzema គឺបានកើតឡើងនៅនាទីទី៥៦ ក្រោយទទួលបានពីមិត្តរួមក្រុម Ferland Mendy ដែលមានចម្ងាយប្រមាណតែ ៦យ៉ាតតែប៉ុណ្ណោះ ដើម្បីផ្តល់មេរៀនចាញ់ជាបន្តទៀត ក្នុងចំណោម ៥ប្រកួតចុងក្រោយដល់ក្រុមលោក Diego Simone និងបានកំពុងឈរនៅលេខរៀងទី៥ បណ្តោះអាសន្នផងដែរ៕