(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ ត្រូវប៉ាន់តែតួកាចឆ្នាស់ កញ្ញា លឹម មួយហ្គេច ត្រូវបានទស្សនិកជនដឹងថា មិនត្រឹមតែជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពនោះទេ ថែមទាំងជាជំនួញវ័យក្មេង ជាម្ចាស់អាហារដ្ឋានផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះលឹម មួយហ្គេច បានបញ្ជាក់ថា នាងយកសិល្បៈ ជាឈ្នាន់ដើម្បីប្រកបអាជីវកកម្ម។ តើពាក្យមួយឃ្លារនេះមានន័យយ៉ាណា?

ពិតណាស់ ការលើកឡើងបែបនេះពីសំណាក់ តារាស្រី លឹម មួយហ្គេច គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ ពិធីការ-ពិធីការិនីក្នុងកម្មវិធី ទាក់ទងនឹងការងារសិល្បៈ ត្រូវបានតារាស្រីរូបនេះបញ្ជាក់ថា បច្ចុប្បន្នការងារសិល្បៈមមាញឹកខ្លាំង ស្របពេលដែលខ្លួនមានបន្ទុកច្រើនត្រូវបំពេញ។ និយាយដល់ចំណុចនេះ លឹម មួយហ្គេច បានឲ្យដឹងថា នាងឆ្លៀតពេលជួយសម្រួលកិច្ចការម្តាយ ដែលបើកអាហារដ្ឋានមួយកន្លែងម្តុំផ្លូវភ្លោះអូឬស្សី ហើយក៏មានគម្រោងបើហាងមួយកន្លែងទៀតផងដែរ។ ហេតុនេះទើបទទួលបន្ទុកច្រើន ប៉ុន្តែយ៉ាងណានាងមិនឈប់ដាច់ខាតពីវិស័យសិល្បៈ។

លឹម មួយហ្គេច បានប្រាប់ពីមូលហេតុនៃការបន្តសិល្បៈ ទាំងខ្លួនមមាញឹកនឹងជំនួញថា «ខ្ញុំយកសិល្បៈ ជាឈ្នាន់ដើម្បីប្រកបអាជីវកម្ម...»។ ត្រង់ចំនុចនេះ មួយហ្គេច បានពន្យល់ថា តាមពិតទៅដោយសារតែមានប្រជាប្រិយភាពក្នុងសិល្បៈ មានទស្សនិកជនស្គាល់ច្រើន ហេតុនេះហើយ ពេលនាងមានលក់អ្វីមួយ គឺងាយនឹងមានការគាំទ្រខ្លាំង ជាពិសេសហ្វេនៗជួយទិញជាដើម ព្រោះតែមានភាពជឿជាក់។ ជាក់ស្តែង នៅពេលខាងមុខ នាងនឹងបើហាងមួយកន្លែងបន្ថែមទៀត ដែលសម្រាប់ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ ពេលល្ងាច ពេលយប់ និងមានដូចជា PUB ជាដើម។

បន្ថែមពីនេះ តួស្រីក្នុងរឿង កូនប្រសារអ្នកមាន រូបនេះសង្កត់ធ្ងន់ថា បើឲ្យឈប់នឹងការងារសិល្បៈគឺមិនឈប់នោះទេ បានន័យថា ពេលណារវល់ខ្លាំងសុខចិត្តផ្អាក់មួយរយៈ ហើយបន្តសិល្បៈវិញ ព្រោះសិល្បៈនេះហើយជាឈ្នាន់ ដើម្បីឲ្យអាជីវកម្មរលូនទៅមុខ។

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)

សូមទស្សនាវីដេអូខាងក្រោម៖