(ភ្នំពេញ)៖ ក្រោយផ្ទុះការយល់ច្រឡំ រឿងផ្ដល់ប្រាក់រង្វាន់កីឡាករ សំបូរ សោភ័ណ្ឌ ម្ចាស់មេដាយមាស នៃការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោកឆ្នាំ២០១៨ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានដើម្បីបញ្ចប់រឿងនេះហើយ ដោយសហព័ន្ធបានទទួលកំហុសទាំងអស់ ដែលកើតចេញពីការភាន់ច្រឡំ ។

សន្និសីទនេះបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡា នាពហុកីឡដ្ឋានជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក សុខ មង្គលរស្មី ប្រធានសហព័ន្ធអាណត្តិចាស់ និងលោក តឹក ប៊ុនវី ជាអគ្គលេខាធិការ ព្រមទាំងមានការចូលរួមជាសាក្សពីសមាជិក គ្រូបង្វឹក និងកីឡាករមួយចំនួនទៀតផង ។

លោក តឹក ប៊ុនវី បានបញ្ជាក់ថា កំហុសនេះកើតចេញពីការយល់ច្រឡំរបស់កីឡាករ សំបូរ សោភ័ណ្ឌ និងសហព័ន្ធ ដែលមិនបានសិក្សាច្បាស់ពីច្បាប់ ពិសេសប្រកាសអន្ដរក្រសួង។ លោកថា «វាជាកំហុសឆ្គងរបស់យើង ដែលខ្វះការយល់ដឹងពីច្បាប់ ហើយយើងមិនបានទៅជម្រាបកីឡាករ ថាតើប្រកួតជើងឯងហ្នឹង ជើងឯកអាស៊ី បានប្រាក់រង្វាន់ប៉ុន្មាន ថ្នាក់តំបន់បានប៉ុន្មាន ពិភពលោកបានប៉ុន្មាន កន្លែងនេះហើយ ដែលយើងខ្វះខាត»

លោកសង្ឃឹមថា បន្ទាប់ពីសន្និសីទសារព័ត៌មាននេះ ករណីខាងលើនឹងបញ្ចប់ ហើយលោកក៏បានសុំទោស ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកគាំទ្រផងដែរ ។ លោកបន្ដថា «ខ្ញុំអត់មានអ្វីត្រូវបកស្រាយទេ ហើយសហព័ន្ធ និងកីឡាករ ក៏ព្រមទទួលយកអស់ហើយ ដោយសារការយល់ច្រឡំ ។ ចុងក្រោយ ខ្ញុំសុំទោសដល់ថ្នាក់ដឹកនាំ ពិសេសក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត មុននឹងយើងបញ្ជូនកីឡាករ ត្រូវមានលក្ខខណ្ឌ និងកិច្ចសន្យាច្បាស់លាស់ មិនឲ្យកើតមានករណីនេះទៀតទេ»

គួរដឹងថា ករណីភាន់ច្រឡំខាងលើបានកើតឡើង បន្ទាប់ពីកីឡាករ សំបូរ សោភ័ណ្ឌ ដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០១៨ ហើយក្រសួងអប់រំបានផ្ដល់ប្រាក់រង្វាន់ តាមប្រកាសអន្ដរក្រសួងចំនួន ២០លានរៀល ។ តែដោយនឹកស្មានទទួលបានប្រាក់រង្វាន់ ១២០លានរៀល ទើប សោភ័ណ្ឌ មិនសុខចិត្ត ហើយបានបង្ហោះសារលើបណ្ដាញសង្គម បណ្ដាលឲ្យផ្ទុះការរិះគន់កាន់តែខ្លាំង រហូតមានការព្យាយាមបកស្រាយពីមន្ដ្រីជំនាញក្រសួងអប់រំទៀតផង៕