(ភ្នំពេញ)៖ កីឡាករ ដាវ នីម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានបន្តកិច្ចសន្យាជាមួយក្លឹបគិរីវង់សុខសែនជ័យនៅរដូវកាលខាងមុខទៀត និងប្ដេជ្ញាជួយក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ ទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរជាងឆ្នាំ២០១៩។

ដាវ នីម បានបញ្ជាក់ថា «យើងខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីឲ្យមានលទ្ធផលល្អនៅឆ្នាំ២០២០ ទៅតាមគោលដៅក្លឹបគិរីវង់ដែលបានដាក់ចេញ។ ឆ្នាំ២០១៩ យើងទទួលបានបទពិសោធន៍ច្រើននៅក្នុ្ងងទីលាន ទាំងការលេង ការធ្វើចលនាអីច្រើន»

កីឡាករលេចធ្លោប្រចាំក្រុមបន្ថែមទៀតថា ការទទួលបានបទពិសោធន៍ច្រើនទាំងបច្ចេកទេស និងឥរិយាបថលើទីលាន។ ដូច្នេះ គេបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុន និងព្យាយាមកែលម្អចំណុចខ្វះខាតទាំងឡាយទៀតផង។ ចំពោះអត្តចរិតក៏បានកែប្រែផងដែរ ព្រោះយើងទើបលេងលេចធ្លោទើបតែ ១ឆ្នាំហ្នឹង អ៊ីចឹងខំប្រឹងប្រែងថែមទៀត ឲ្យរឹងមាំជាងហ្នឹងទៀត។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ដែលគិរីវង់សុខសែនជ័យទទួលបានចំណាត់ថ្នាក់លេខ៩ នៃលីគកំពូលកម្ពុជា ដាវ នីម រកបានជាច្រើនគ្រាប់ និងជាប់ជាកីឡាករល្អប្រចាំខែសីហា រហូតមានឈ្មោះក្នុងក្រុមធំជម្រើសជាតិកម្ពុជានៅវគ្គជម្រុះ FIFA World Cup 2022 ទៀតផង៕