(សេអ៊ូល)៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ព្រះរាជអាជ្ញាទីក្រុងសេអ៊ូល បានធ្វើការចោទប្រកាន់ជាផ្លូវការ លើអតីតតារាប្រុសសមាជិកក្នុង BINGBANG លោក Seungri ចំនួន៣ករណីផ្សេងគ្នាគឺ ករណីពេស្យាចារ លេងល្បែងខុសច្បាប់ និងបំពានច្បាប់ប្រតិបតិ្តការអាជីវកម្ម។ ដោយឡែកសមាជិកក្រុម FT Island លោក Choi Jong Hoon ត្រូវបានចោទប្រកាន់បន្ថែមពីបទ ប៉ុនប៉ងសូកប៉ាន់។ នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទៅ៣១ ខែមករា ឆ្នាំ២០២០។

បន្ថែមពីនេះ ព្រះរាជអាជ្ញាបានស្នើរសុំដីការជំនុំជម្រះលើករណីរបស់តារាប្រុស Jung Joon Young និងបុគ្គល៣នាក់ផ្សេងទៀត ខណៈករណីលេងល្បែកស៊ីសងខុសច្បាប់របស់ Yang Hyun Suk ដែលជាប្រធានក្រុមហ៊ុន YG ត្រូវបានផ្ទេរទៅការិយាល័យក្រុងសេអ៊ូលដើម្បីដោះស្រាយបន្ត។

គួររំលឹកថា តារាប្រុស Seungri ត្រូវបានចោទប្រកាន់ពីករណីពេស្យាចារ នៅក្នុងពិធីជប់លៀងបុណ្យណូអែលមួយដែលធ្វើសម្រាប់អ្នកវិនិយោគជប៉ុន កាលពីខែធ្នូ ឆ្នំ២០១៥ និងលេងល្បែកស៊ីសងអស់រាប់រយលានវ៉ុននៅ Las Vegas ព្រមទាំងធ្វើប្រតិបត្តិការណ៍ប្តូរប្រាក់បរទេសខុសច្បាប់ ដើម្បីទទួលបានការឈ្នះផងដែរ៕