(បាសេឡូណា)៖ ប្រធានក្រុម Lionel Messi ស៊ុតបាន ២គ្រាប់ផងដែរ ក្នុងជំនួបដែល FC Barcelona បំបាក់ក្រុមភ្ញៀវ Leganes ៥-០ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey។

២គ្រាប់របស់ខ្សែប្រយុទ្ធមកពីអាហ្សង់ទីន Messi កើតឡើងនៅនាទីទី៥៩ និង ៨៩ ក្រោយពេលមិត្តរួមក្រុម Griezmann រកបានគ្រាប់បើកឆាកនៅនាទីទី៤ Lenglet នៅនាទីទី២៧ និង Arthur នៅនាទីទី៧៧។

២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យ Messi រកបាន ៦២៣គ្រាប់ឲ្យក្លឹបយក្សអេស្ប៉ាញ Barcelona ស្ថិតក្រោមការដឹកនាំទើបតែបាន ៣ប្រកួតរបស់អ្នកចាត់ការទូទៅថ្មី Quique Setien បន្ទាប់ពីបរាជ័យ ២-០ នៅក្នុងផ្ទះរបស់ Valencia នៅ La Liga កាលសប្តាហ៍មុន៕