(មែនឆេស្ទើ)៖ កីឡាករខ្សែការពារឆ្នើម Harry Maguire ត្រូវបានក្លឹបយក្សរបស់ចក្រភពអង់គ្លេស Manchester United តែងតាំងជាប្រធានក្រុមជាផ្លូវការក្រោមការដឹកដោយលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅ​ ដែលតំណែងនេះពីមុនកាន់កាប់ដោយអតីតកីឡាករ Ashley Young ដែលទើបតែបានផ្ទេរទៅក្រុម Inter Milan របស់អីតាលី។

តាមការចេញផ្សាយដោយ BBC នៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២០​ កីឡាករខ្សែការពារដែលនាំមកពីក្លឹប Leicester City ក្នុងតម្លៃប្រមាណ ៨០លានផោន Maguire មកកាន់ក្រុមបិសាចក្រហម Manchester United ដែលទើបតែបានជាង ៥ខែនោះ នៅពេលបានក្លាយជាប្រធានក្រុមថ្មីរបស់ក្លឹប ក្រោយពេលការចាកចេញរបស់ខ្សែការពារឆ្នើម Ashley Young ខណៈកីឡាករមួយចំនួនដូចជា Rashford, David de Gea, និង Jesse Lingard ក៏ធា្លប់ទទួលតំណែងជាប្រធានក្រុមម្តងម្កាលផងដែរនៅពេលគ្មាន​ Ashley Young ដែលបង្ហាញខ្លួនបាន ១៨ប្រកួតក្នុងរដូវកាលនេះមុនចេញទៅ Inter Milan។

សម្រាប់បុរសវ័យ ២៦ឆ្នាំ Maguire ក្នុងអំឡុងរយៈពេល ៥ខែនេះរូបគេបង្ហាញខ្លួនបាន ២៩ប្រកួតចាប់តាំងពីខែសីហា ឆ្នាំ២០១៩មកទល់ពេលនេះ ខណៈរូបគេនឹងពាក់ខ្សែដៃប្រធានក្រុមរបស់ក្លឹប Man Utd ជាលើកដំបូងក្នុងជំនួបសប្តាហ៍ទី២៣ដែលត្រូវប្រជែង ៣ពិន្ទុជាមួយក្រុម Liverpool ដែលជាក្រុមកំពូលតារាង Premier League នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០​ ស្អែកនេះ៕