(ក្រុងឡុងដ៍)៖ សប្តាហ៍នេះការប្រកួតបាល់ទាត់ក្របខណ្ឌ English-Premier League បានឈានដល់សប្ដាហ៍ទី២៣ ហើយ ដោយក្រុមនីមួយៗ ប្រឹងប្រែងលើវាលស្មៅ សំដៅដណ្ដើមយក ៣ពិន្ទុរៀងៗខ្លួន។

ដោយឡែកចុងសប្តាហ៍នេះ គូពិសេសដែលនឹងធ្វើឲ្យកក្រើកសង្វៀនវាលស្មៅក្នុងពិភពបាល់ទាត់ ដោយក្រុមជើងខ្លាំងៗប៉ះគ្នា ក្នុងនោះរួមមានម្ចាស់ផ្ទះ Manchester City នឹងស្វាគមន៍ភ្ញៀវក្រុម Crystal Palace នៅវេលាម៉ោង ១០យប់ និងក្រុមម្ចាស់ផ្ទះ Newcastle United នឹង
ស្វាគមន៍ក្រុមតោខៀវ Chelsea នាម៉ោង ១២៖៣០នាទីរំលងអធ្រាត្រនៅថ្ងៃសៅរ៍ ទី១៨ ខែមករា និង គូពិសេសក្រុមយក្ស ក្រហមពីរប៉ះគ្នាដែរនៅរាត្រីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ ម៉ោង ១១៖៣០ នាទី (ម៉ោងនៅកម្ពុជា) រវាង Liverpool ជាម្ចាស់ផ្ទះ នឹងត្រូវស្វាគមន៍ភ្ញៀវ ក្រុមបិសាចក្រហម Manchester United។

តើហង្សក្រហម Liverpool នៅតែអាចរក្សាកំណត់ត្រាខ្លួនមិនដែលស្គាល់ថា «ចាញ់» ក្នុងរដូវកាល EPL នេះបានដែរឬទេ? តើបិសាចក្រហម Manchester United អាចបំបែកសំណាញ់ និងកំណត់ត្រា របស់ក្រុមហង្សក្រហមនេះបានឬយ៉ាងណា?

ដូច្នេះ សប្តាហ៍ពិសេសនេះ រង់ចាំតាមដានទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះនៅកញ្ចក់ទូរទស្សន៍ CTN, MYTV និង CNC រួមទាំងការប្រកួតផ្សេងៗទៀតផងដែរ នោះគឺការផ្សាយបន្តផ្ទាល់គូពិសេសៗនូវក្របខណ្ឌ La Liga របស់អេស្ប៉ាញ រវាងក្រុម Real Madrid ប៉ះ Sevilla ហើយ Villareal ប៉ះ Espanyol។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕