(ភ្នំពេញ)៖ អតីតតារាចម្រៀងក្នុងផលិតកម្ម Rock កញ្ញា ម៉ូល្លីកា នឹងត្រៀមខ្លួនចូលរោងការបញ្ចប់ជីវិតនូវលីវ នៅថ្ងៃទី១៨ខែមករា ស្អែកនេះហើយ ខណៈដែលពិធីមង្គលការរបស់អតីតតារាចម្រៀងស្រីរូបនេះ នឹងរៀបចំឡើងនៅដឺព្រមៀ សេនធ័រ សែនសុខ អគារB។ យ៉ាងណាមិញ សម្រាប់កម្មវិធីមង្គលការ អតីតតារាចម្រៀងស្រីរូបនេះ នាងគ្រោងចំណាយប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីឲ្យពិធីមង្គលការរបស់នាង កាន់តែមានភាពអធិកអធម និងលេចធ្លោ មិនចាញ់ពិធិមង្គលរបស់តារាចម្រៀងរៀមច្បង អ្នកនាង ឱក សុគន្ធកញ្ញា នោះឡើយ។

នេះជាមង្គលការមួយដែលមហាជនចាប់អារម្មណ៍ព្រោះថា ម៉ូលីកា ដែលជាអ្នករកស៊ីលក់ Cosmetic តាម Online នោះអ្នកលេងបណ្ដាញសង្គមមួយណា​ក៍ស្គាល់នាងដែរ ខណៈដែលស្វាមីរបស់នាងវិញជាបុរសរូបសង្ហារលោក ហុង មានុន ហៅឆានុន ជាតារាសម្ដែងម្នាក់ផងដែរ។ បើទោះជាម៉ូលីកា មិនទាន់ហ៊ាននិយាយមុនថា កម្មវិធីអាពាហ៍ពិពាហ៍របស់នាងនឹងអស្ចារ្យយ៉ាងណានោះ ប៉ុន្ដែ មហាជនអាចវាយតម្លៃថា ពិធីនោះអាចចាត់ទុកជាកម្មវិធីពិសេសសម្រាប់តារាសិល្បៈនៅដើមឆ្នាំ២០២០នេះ ដោយសារតែម៉ូលីកា ធ្លាប់បង្ហើបថានឹងត្រៀមចំណាយសម្រាប់កម្មវិធី ទាំងមូលនូវ ទឹកប្រាក់ខ្ទង់១០ទៅ១៥ម៉ឺនដុល្លា។

តាមរយៈការអះអាងបែបនេះបញ្ជាក់ថាពិធីមង្គលការរបស់ស្រីស្អាតម៉ូលីកា និងប្រុសសង្ហារ ឆានុន ត្រូវបានគេសន្និដ្ឋានថាមានទ្រង់ទ្រាយធំស្រដៀងនិងមង្គលការតារា៣ដួងកាលពីឆ្នាំ២០១៩គឺនាងឱក សុគន្ធកញ្ញា ,កែវ សីហា និសួស វីសា ។ទោះជាយ៉ាងណាម៉ូលីកា មិនដែលចង់ឲ្យគេប្រៀបធៀបមង្គលការរបស់នាងទៅតារាផ្សេងនោះទេ ដោយនាងធ្លាប់វាចាថានឹងធ្វើទៅតាមសមត្ថភាពដែលខ្លួនមាន។

ម៉ូលីកា ដែលមានឈ្មោះដើមថា អឿន ម៉ូលីកា បានសាងស្នេហ៍ជាមួយតារាសម្ដែងឆានុន រយៈពេល៣ឆ្នាំទើបពួកគេសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២០នេះ។ តារាចម្រៀង ម៉ូលីកា បានឲ្យដឹងថា ពិធីមង្គលការរបស់នាង នឹងរៀបចំតាមក្បូនខ្នាតប្រពៃណីខ្មែរទាំងអស់ ហើយក៏មានតារាសិល្បករមួយចំនួនដែលនាងបានអញ្ជើញឲ្យចូលរួមផងដែរ។

ថៅកែស្រីវ័យក្មេងដែលទស្សនិកជនថាស្រីស្អាតចិត្តល្អ ធ្លាប់បង្ហាញទឹកចិត្តសប្បុរសធម៌ជាច្រើនលើកមកហើយនោះថា ទោះជានាងមានស្វាមីក៏ដោយតែនៅមិនចោលអាជីពសិល្បៈទេ គឺត្រៀមនឹងចេញបទចម្រៀង ដែលធ្វើដោយខ្លួនឯងនាពេលវេលាសមស្របណាមួយ៕