(ភ្នំពេញ)៖ អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ និងជាអតីតតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក វ៉ាន់ ផល្លី ក្រោយបាត់មុខយូរពីសិល្បៈ ស្ទើរតែធ្វើឲ្យទស្សនិកជនភ្លេចមុខហើយនោះ ពេលនេះ ស្រាប់តែលោកបានបញ្ចេញនូវបទចម្រៀងថ្មី របស់ខ្លួនមួយបទ ដែលមានចំណងជើងថា «អាភ្លើ» កំពុងធ្វើឲ្យអង្រួនចិត្តប្រិយមិត្តទស្សនិកជនជាថ្មី ខណៈដែលបទនេះ បានបង្កប់នូវអត្ថន័យស្នេហាឈឺចាប់ខ្លាំងតែម្ដង។

ជាការពិត បទចម្រៀងថ្មីរបស់តារាប្រុស លោក វ៉ាន់ ផល្លី កំពុងឆក់បានការចាប់អារម្មណ៍ និងចូលចិត្តច្រើនពីសំណាក់ទស្សនិកជន ពិសេសមិត្តយុវវ័យផ្ទាល់តែម្ដង ពោលគឺបទនេះ ធ្វើការបង្ហោះចូលក្នុងបណ្ដាញសង្គមមិនទាន់បានប៉ុន្មានម៉ោងផង តែមានអ្នកចូលស្តាប់រាប់ម៉ឺននាក់ទៅហើយ។

ដោយឡែក បើក្រឡេកទៅមើលលើចំណងជើងនៃបទចម្រៀង ទស្សនិកជនប្រាកដជាចាប់អារម្មណ៍ នឹងចង់ជ្រាបពីអត្ថន័យកាន់តែច្បាស់ ថាមានន័យយ៉ាងណា។​ ជាការពិត «អាភ្លើ» ជាចំណងជើងបទចម្រៀងថ្មី របស់តារាចម្រៀងលោក វ៉ាន់ ផល្លី ដោយជាការនិពន្ធឡើងដោយ ម្ចាស់បទ «អតីត» គឺលោក Shutter បទនេះបានបង្កប់នូវអត្ថន័យស្នេហាឈឺចាប់ របស់បុរសម្នាក់ ដែលត្រូវបាននារីដែលខ្លួនស្រលាញ់ស្មើរនឹងកែវភ្នែកឲ្យជាប់នឹងទ្រូងរាល់ថ្ងៃ ទៅហែកចែកបេះដូងឲ្យទៅថ្មី ដោយបន្សល់ទុកនូវពាក្យលាមួយម៉ាត់យ៉ាងខ្លី គឺជាចំណងនៃបទចម្រៀង «អាភ្លើ»។

បទនេះគឺជារសជាតិថ្មីមួយបែបទទៀតសម្រាប់ទស្សនិកជន ដែលទន្ទឹងរង់ចាំស្ដាប់នូវបទថ្មីរបស់តារាក្នុងដួងចិត្តគឺលោក វ៉ាន់ ផល្លី។ ជាក់ស្ដែងបទចម្រៀងនេះផងដែរ មិនត្រឹមតែមានចំណងជើងប្លែកនោះទេ បើនិយាយដល់អត្ថន័យ ទំនុកច្រៀង ព្រមទាំងសម្លេងក្នុងការបកស្រាយ របស់លោក វ៉ាន់ ផល្លី វិញ គឺមានភាពស៊ីគ្នាទៅនឹងចម្រៀងមួយនេះយ៉ាងខ្លាំង ពោលគឺទឹកដមសំឡេង របស់លោក វ៉ាន់ ផល្លី គឺពោលពេញទៅដោយមនោសញ្ចេតនា និងដាក់អារម្មណ៍ឈឺចាប់បានយ៉ាងល្អ ក្នុងបទចម្រៀងថ្មីរបស់លោក មួយបទនេះ។

តោះចង់ដឹងកាន់តែច្បាស់ ថាបទចម្រៀងរបស់លោក វ៉ាន់ ផល្លី ចំណងជើងថា «អាភ្លើ» ពីរោះនិងមានអត្ថន័យ ចាក់ដោតដល់បេះដូង អ្នកដែលត្រូវគេក្បត់ យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ដូចតទៅ៖