(ភ្នំពេញ)៖ តារាភាពយន្តជាច្រើនដួង បានបង្ហាញវត្តមានជាបន្តបន្ទាប់ មកក្រុងពលីរឿងភាគថ្មីចំនួន២រឿងព្រមគ្នារបស់ ស្ថានីយ៍ទូរទស្សន៏ប៉ុស្តិ៍លេខ៥។ ជាការបើកទំព័រឆ្នាំថ្មីភ្លាម ស្ថាប័នមួយនេះពីបង្ហាញវណ្ណកម្មថ្មី ដល់ទៅ២រឿង ដែលនេះជាការជម្រុញ អោយវិស័យភាពយន្តខ្មែរកាន់តែផុសផុលឡើងនៅតាមកញ្ចក់ទូរទស្សន៍។

ពិធីក្រុងពលីនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២០ ក្នុងបរវេណសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ស្នាដៃរឿងទី១ មានចំណងជើងថា «មរតកកម្ម» ដែលមានវត្តមានតារាសម្តែង ក្នុងផ្ទៃរឿងដូចជា លោក ណាខុន កញ្ញា ប៉ុប រចនា ជាតួឯក ក្នុងនោះក៏ឃើញ មានលោក មឿន ឯកសុភារិទ្ឋ ផងដែរ។ ចំពោះភាពយន្តទី២ មានចំណងជើងថា «ទាសករលុយ» សម្តែងដោយ លោកបញ្ញា សិដ្ឋ លោកឆេរ លៀងឈែ កញ្ញា ណាក់ ស្រីណា លោកចន កញ្ញាសុីសុី អ្នកនាងប៉េង ប៉ោង កញ្ញា វ៉ាន់លីលី និងញឹមចាន់ថន ជាដើម។ តារានីមួយៗ សុទ្ឋតែបានបង្ហាញទស្សនៈ រីករាយបានយល់ឃើញថា ជារឿយៗស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ តែងតែផ្តល់កិច្ចការងារសិល្បៈ ជាច្រើនដល់តារាសម្តែង ដើម្បីបង្ហាញស្នាដៃ និងបន្តចាប់យក កេរ្តី៍ឈ្មោះសម្តែង រៀងៗខ្លួន។

បើតាមលោក មុនី ប្រធានគ្រប់គ្រងទូទៅរបស់ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ បានអោយដឹងថា នេះជាស្នាដៃប្រមាណជាង២០រឿងមកហើយដែលស្ថានីយ៍យើងរៀបចំកសាងភាពយន្តនេះឡើង។ ឆ្នាំ២០២០នេះដើមឆ្នាំយើងក្រុងពលីរឿង២តែម្តង ។

លោកថាជាទូទៅប៉ុស្តិ៍លេខ៥ ក្នុង១ឆ្នាំថត៦រឿង ហើយអោយដៃគូសហការ២ផលិតកម្មទៀតថតជាមួយ។ ខាងយើងផ្តល់ឱកាសដល់គ្រប់តារាថ្មីចាស់ទាំងអស់ដែលមិនទាន់ថតអោយយើង អាចមកទំនាក់ទំនងជាមួយខាងយើង ហើយយើងមានគណៈកម្មាការជ្រើសរើសតួប្រសិនបើគាត់មានសមត្ថភាពល្អពិតប្រាកដ៕