(ភ្នំពេញ)៖ តារាសម្តែង ឡោម លក្ខិណា បង្ហាញអារម្មណ៍រន្ធត់ក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ចំពោះការបាត់បង់ស្វាមីជាទីស្រឡាញ់ ព្រោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ។ ក្នុងពិធីបុណ្យសព្វស្វាមី តារាស្រីរូបនេះមើលទៅគួរឲ្យអាណិតជាខ្លាំង ព្រោះនឹកអាណិតកូនប្រុសទើបតែកើតបាន១០ខែ ត្រូវកំព្រាឪពុកបែបនេះ។

ពិតណាស់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ ស្រីអូន សម្រស់ធម្មជាតិ បានបង្ហោះវីដេអូបង្ហាញពីសកម្មភាព ឡោម លក្ខិណា យំសោកអោបខ្លួន ជាមួយនឹងពាក្យពេជន៍គួរឲ្យអាណិតជាច្រើន។ ក្នុង Caption នៃវីដេអូ ស្រីអូន បានសរសេរថា «គាត់ទ្រហ៊ោយំប្រាប់ខ្ញុំថា គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដី ដោយសារចោរប្លន់សម្លាប់ ពេលរត់ម៉ូតូឌុប ព្រោះគ្រួសារក្រ។ ពេលនេះកូនគាត់អាយុ១០ខែ ក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ពេលរត់តាក់សុីមកពីដឹកភ្ញៀវវិញ។ ពុទ្ធោអេីយ រឹងមាំ ឡោម លក្ខិណា - Lorm Leakena ពួកយេីងនៅចាំជួយលេីកទឹកចិត្ត គ្រប់យ៉ាងដេីម្បីកូនណាអូន»

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឡោម លក្ខិណា បានថ្លែងទាំងយំបណ្តើរថា «នាងពិតជាស្លុតចិត្តយ៉ាងខ្លាំង ចំពោះការបាត់បង់ស្វាមី ព្រោះនេះជារឿងនឹកស្មានមិនដល់ ដោយមិនគិតថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតឡើយ។ ព្រោះគិតថាខូចខាត់តែឡានប៉ុណ្ណោះ ប៉ុន្តែពេលលឺថាស្វាមីផុតដង្ហើម ធ្វើឲ្យនាងមិនអាចទទួលយកបាននោះទេ ព្រោះភ្លាមៗពេក...»

ការបាត់បង់ស្វាមីភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឲ្យឡោម លក្ខិណា មានទុក្ខសោកក្រៀមក្រំជាទីបំផុត តែយ៉ាងណាមិញ មិត្តរួមសិល្បៈ និងសាច់ញាតិបងប្អូន បានចូលរួមផ្តល់កម្លាំងចិត្តដល់នាង ឲ្យរឹងមាំឡើង ដើម្បីកូន។