(មេនឆេស្ទើ)៖ ក្លឹបយក្សអង់គ្លេស Manchester United បានព្រមព្រៀងតម្លៃខ្លួនផ្ទេរកីឡាករខ្សែការពារ Ashley Young ជាមួយក្លឹប Inter Milan របស់អុីតាលីក្នុងតម្លៃប្រមាណ ១.២៨លានផោន។

កិច្ចព្រមព្រៀងនេះដែរ ក៏ស្របទៅនឹងគោលបំណងរបស់ខ្សែការពារចាស់វស្សា ៣៤ឆ្នាំ ដែលរូបគេ (Young) ធ្លាប់បានប្រាប់ Man Utd ម្តងរួចមកហើយ ថារូបគេចង់ទៅលេងឲ្យ Inter Milan ក្នុងចំណោម ៣ប្រកួតចុងដែល Young បានលេងឲ្យបិសាចក្រហម។

Man Utd នឹងទទួលបានថ្លៃឈ្នួលពី Inter Milan បន្ថែមទៀតផងដែរ ប្រសិនបើ Ashley Young អាចជួយឲ្យ Inter ឈ្នះជើងឯក Serie A នៅរដូវកាលនេះ។

ប្រសិនបើពុំមានអ្វីកែប្រែនោះទេ Ashley Young នឹងបញ្ចប់រយៈពេល ៨ឆ្នាំកន្លះលេងនៅទឹកដី Old Trafford នៃប្រទេសអង់គ្លេស និងបានក្លាយជាកីឡាករ Man Utd ទី៣ ដែលចាកចេញទៅលេងឲ្យ Inter Milan នារដូវកាលឆ្នាំ២០១៩-២០២០ បន្ទាប់ពីមិត្តរួមក្រុម Romelu Lukaku និង Alexis Sanchez ដែលបានផ្ទេរកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ៕