(ឥណ្ឌូនេស៊ី)៖ ក្រុមបាល់ទាត់បឹងកេតរបស់កម្ពុជា បានយកឈ្នះក្រុមលីគទី២ របស់ម៉ាឡេស៊ី FA Penang ដោយលទ្ធផល ៣-២ ដើម្បីទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពអន្ដរជាតិ EDY RAHMAYADI CUP 2020 នៅប្រទេសឥណ្ឌូនេស៊ី ក្នុងការប្រកួតដំបូង នៅកីឡដ្ឋាន Telanadan Stadium កាលពីល្ងាចមិញ ។

ការប្រកួតដ៏តានតឹងនេះ វគ្គទី១ ក្រុមទាំងពីរ បានទាត់បំប៉ោងសំណាញ់ទីគ្នា ២គ្រាប់ម្ខាងរៀងខ្លួន ក្នុងនោះ ២គ្រាប់របស់បឹងកេត បញ្ចប់ទីដោយកីឡាករ Mizuno និង ចាន់ វឌ្ឍនាកា ។ លុះចូលវគ្គទី២ បឹងកេត បានរកគ្រាប់បាល់ទី៣ មុន ដែលធ្វើសម្រេចដោយកីឡាករថ្មី Masato ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមលីគទី២ ម៉ាឡេស៊ីនេះ ព្យាយាមវាយបកមិនបានសម្រេច ។

ជាមួយជ័យជម្នះនេះ បឹងកេតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវបន្ដជួបក្រុមសមាជិកលីគកំពូលម៉ាឡេស៊ី Felda United វិញម្ដង បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan ដោយលទ្ធផល ២-១ កាលពីយប់មិញ ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ តាមគម្រោងនឹងធ្វើឡើង នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ខាងមុខ៕