(សៀមរាប)៖​ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៥ ចម្ងាយ ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ ខេត្តសៀមរាប នឹងចាប់ផ្ដើមនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិមកពី ៤៥ប្រទេស បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា អ្នកចុះឈ្មោះរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ មកទល់ពេលនេះគឺមានចំនួន ១,២៥៥នាក់ ក្នុងនោះមានខ្មែរ ៣៥០នាក់ និងបរទេស ៩០៥នាក់ មកពី ៤៥ប្រទេស ដោយកើនឡើង ១០% បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះបារាំង ឈរលេខ១, កម្ពុជាឈរលេខ២ និងអង់គ្លេសឈរលេខ៣ ។

ទន្ទឹមជាមួយគ្នា គណៈកម្មការក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ក្នុងការរៀបចំផ្លូវរត់ និងសន្ដិសុខតាមផ្លូវ ដើម្បីត្រៀមស្វាគមន៍ និងផ្ដល់នូវសុវត្ថិភាពជូនអ្នករត់ នាថ្ងៃស្អែក ។ ចំពោះវិញ្ញាសាត្រូវរត់ រួមមានរត់ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ ១៦គីឡូម៉ែត្រ ។ ប៉ុន្ដែអ្វីដែលពិសេស សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រឆ្នាំនេះ ក៏មានកីឡាករខ្មែរ ៣រូបចូលរួមផងដែរ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ គឺដើម្បីផ្សព្វផ្សាយអំពីការថែរក្សាការពារបរិស្ថាន នៅតំបន់បេតិកភណ្ឌ នៃតំបន់អង្គរ ក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា ទៅកាន់ពិភពលោក ហើយរួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ៕