(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រស់និងសមត្ថភាព «Miss Planet Cambodia» ឆ្នាំ២០២០ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃទី១៥ខែ មករា ឆ្នាំ២០២០ ក្រោយឆ្លងកាត់វគ្គជម្រុះប្រកួតប្រជែងដ៏ស្វិតស្វាញ ទីបំផុត គេបានរកឃើញម្ចាស់ជយលាភីគ្រងមកុដ កញ្ញាឯកភពផែនដីកម្ពុជាប្រចាំឆ្នាំឆ្នាំ២០២០ហើយ គឺបានទៅ កញ្ញា ប៉ុន សុរ៉ាវត្តី ខណៈដែលស្រីស្អាតរូបនេះ នឹងត្រូវត្រៀមខ្លួនតំណាងឲ្យកម្ពុជាចូលរួមប្រកួត «Miss Planet Internetional» ដោយមានបេក្ខភាពមកពីជាង៧០ប្រទេសផ្សេងទៀតចូលរួម។

ម្ចាស់ជយលាភីកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០២០ កញ្ញា ប៉ុន សុរ៉ាវត្តី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកគណៈកម្មការ និងទស្សនិកជនប៉ុណ្ណោះទេ បវរកញ្ញារូបនេះ ថែមទាំងមានសមត្ថភាពចំណេះដឹង និងទេពកោសល្យទៀតផង ទើបធ្វើឲ្យនាងមានឱកាសក្លាយជាម្ចាស់មកុដកញ្ញាឯកភពផែនដែនដីកម្ពុជាឆ្នាំ២០២០។

ជាមួយគ្នានេះ រំដួល លិចទឹក ដែលជាគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការជាច្រើន បានលើកសរសើរថា កញ្ញា ប៉ុន សុរ៉ាវត្តី ដែលទទួលបានជយលាភីលេខ១ និងគ្រងមកុដ កញ្ញាឯកភពផែនដីឆ្នាំ២០២០ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូករួមជាមួយភាពក្លាហានមានចេញពី ក្នុងខ្លួនមិនត្រឹមតែស្អាត នោះតែម្យ៉ាងទេ។

យ៉ាងណាមិញ ប៉ុន សុរ៉ាវត្តី មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ មានកម្ពស់១.៧០សង់ទីម៉ែត្រ ជានិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង។ ស្រីស្អាតរូបនេះ នឹងត្រូវតំណាងឲ្យកម្ពុជា ចូលរួមប្រកួតប្រជែងជាមួយនឹងបវរកញ្ញាប្រមាណជាង៧០ប្រទេសផ្សេងទៀត ដែលមកពីជុំវិញពិភពលោក ក្នុងកម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ «Miss Planet Internetional» នៅខែមេសាឆ្នាំ២០២០ខាងមុខនេះ ខណៈដែលប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ៕