(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច តារាចម្រៀងស្រីរូបស្រស់ អ្នកនាង ឡោម លក្ខិណា ទើបតែបង្កើតបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ជាមួយនឹងស្វាមីបណ្តូរចិត្ត គឺលោក ប៉ា ពិសិដ្ឋ ហើយរហូតមកទល់នឹងពេលនេះកូនប្រុសទើបតែមានវ័យ ១០៩ ថ្ងៃប៉ុណ្ណោះ។ យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្តាយនោះ នាងបានក្លាយជាស្ត្រីមេម៉ាយ កូនកំព្រាឪពុក ដោយលោក ពិសិដ្ឋ ត្រូវជាស្វាមីនាង បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្តែង បើយោងតាមបណ្តាញសង្គមរបស់អ្នកនាង ឡោម លក្ខិណា បានបង្ហោះសារក្រៀមក្រំដោយមានខ្លឹមសារថា «យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។ សូមជំរាបជូន​ដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់ឲ្យបានជ្រាបថា យេីងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ សូម​បងទៅកាន់ទីស្ងប់សុខ រឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនឲ្យល្អ​ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់»

គួរជម្រាបថា ពិធីបុណ្យសព្វស្វាមីរបស់ ឡោម លក្ខិណា ធ្វើនៅទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា៣។ ជាមួយនឹងព័ត៌មាននេះ មហាជន និងអ្នកសិល្បៈសម្តែងនៅការសោកស្តាយយ៉ាងខ្លាំង ដែលតារាស្រីរូបនេះបានបាត់បង់ស្វាមីបណ្តូរចិត្តយ៉ាងលឿនបែបនេះ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសពផងដែរ៕