(បាងកក)៖ ក្រុមជើងឯករងលីគកំពូលកម្ពុជា វិសាខា បានចាញ់ក្រុមលីគកំពូលថៃ BG Pathum United យ៉ាងប្រផិតប្រផើយ ដោយលទ្ធផល ៤-៣ ក្នុងជំនួបមិត្តភាពអន្ដរជាតិទី២ នៃកម្មវិធី Pre-Season Tour 2020 របស់ខ្លួននៅកីឡដ្ឋាន Leo Stadium នាទីក្រុងបាងកកកាលពីល្ងាចមិញ។

ជំនួបដ៏គួរឲ្យចាប់អារម្មណ៍នេះ ក្រុមម្ចាស់ផ្ទះបាននាំមុខ ៣គ្រាប់មុន នៅវគ្គទី១។ បន្ទាប់មកវិសាខា ក៏វាយបកបាន ៣គ្រាប់វិញ នៅវគ្គទី២ ប៉ុន្ដែគួរឲ្យស្ដាយដោយសារការភ្លាត់របស់អ្នកចាំទី ជា វណ្ណសាក់ នៅចុងម៉ោង ដែលចាប់បាល់ភ្លាត់ចូលប្រឡោះជើង ធ្វើឲ្យក្រុម BG Pathum United រកបានគ្រាប់ទី៤ ដែលជាគ្រាប់ជ័យជម្នះតែម្ដង។

នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ របស់ក្រុមវិសាខា ក្នុងការបោះជំរំហ្វឹកហាត់លើទឹកដីថៃ បន្ទាប់ពីប្រកួតដំបូងស្មើក្រុម Bangkok United ១-១។ យ៉ាងណាមិញពួកគេនៅសល់ការប្រកួតមិត្តភាពផ្លូវការ ១ប្រកួតទៀត ដោយត្រូវជួបក្រុម Ayuthaya United នាថ្ងៃទី១៨ ខែមករាខាងមុខ។

តាមគម្រោងក្រោយត្រឡប់ពីប្រទេសថៃ ក្រុមដឹកនាំដោយគ្រូបង្វឹកថ្មីលោក Colum Curtis នេះ នឹងមានភារកិច្ចមួយទៀត មុនរដូវកាលថ្មីមកដល់ គឺចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Siem Reap Super Asia Cup 2020 នៅកីឡដ្ឋាន SRU ខេត្តសៀមរាបចាប់ពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០២០៕