(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់មិត្តភាព TV5 Pre-Season Championship 2020 ដែលរៀបចំដោយក្លឹបក្រសួងការពារជាតិ នឹងប្រកួតនាល្ងាចថ្ងៃទី១៦ ខែមករានេះហើយ ដោយមាន ៤ក្លឹបចូលរួម រួមមានក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ណាហ្គាវើលដ៏ អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ហើយក្រុមនីមួយៗសុទ្ធតែរំពឹងនឹងទទួលបានផលចំណេញរៀងៗខ្លួនក្នុងការរៀបចំក្រុមត្រៀមរដូវកាលថ្មី។

លោក ខូវ ឆាយ អគ្គលេខាធិការក្លឹបក្រសួងការពារជាតិបានថ្លែងក្នុងពិធីចាប់គូកាលពីល្ងាចថ្ងៃពុធម្សិលមិញថា ពាននេះរៀបចំឡើង ដើម្បីផ្ដល់ឱកាសឲ្យក្លឹបសមាជិកលីគកំពូលកម្ពុជា ពិសេសក្លឹបមិនសូវមានសកម្មភាព ឬមិនបានចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុក មានឱកាសប្រកួតសមជើងគ្នា ក៏ដូចជាពង្រឹងសមត្ថភាពក្រុម សម្រាប់ត្រៀមការប្រកួតរដូវកាលថ្មីនាពាក់កណ្ដាលខែកុម្ភៈខាងមុខ ពិសេសគឺក្រសួងការពារជាតិផ្ទាល់តែម្ដង។

លោកបន្ដថា ចំពោះការរៀបចំឆ្នាំដំបូងនេះ ដោយសារពេលវេលាខ្លី ក្លឹបបានអញ្ជើញក្រុមចូលរួមត្រឹម ៤ក្រុមប៉ុណ្ណោះ តែលោកបានប្ដេជ្ញានឹងរៀបចំឲ្យបានរៀងរាល់ឆ្នាំ ហើយអញ្ជើញក្រុមខ្លាំងៗចូលរួមកាន់តែច្រើន។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ ក៏គ្រោងអញ្ជើញក្លឹបបរទេសមកប្រកួតនាឆ្នាំក្រោយទៀតផង។

ដោយឡែកលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុបបានបញ្ជាក់ថា ដោយសារបច្ចុប្បន្នក្រុមហ៊ុន កំពុងរៀបចំក្រុម និងធ្វើតេស្ដកីឡាករថ្មីៗមួយចំនួន ហេតុនេះលោកបានចាត់ទុកការចូលរួមប្រកួតនេះ គឺជាឱកាសល្អមួយ សម្រាប់មើលទម្រង់លេង និងសមត្ថភាពរបស់កូនក្រុម។ ហើយក្រោយចប់ការប្រកួតនេះ លោកនឹងសម្រេច និងបង្ហាញនូវកីឡាករថ្មីណាខ្លះដែលត្រូវរួមរស់ជាមួយអាស៊ីអឺរ៉ុបក្នុងរដូវកាលថ្មី។

ចំណែកលោក រ៉ៃ វិកទ័រ អ្នកចាត់ការទូទៅក្រុមណាហ្គាវើលដ៏ ក៏បានថ្លែងស្រដៀងគ្នាដែរថា ការប្រកួតនេះពិតជាសំខាន់ ព្រោះវាបានធ្វើឲ្យក្រុមនីមួយៗអាចវាស់ស្ទង់សមត្ថភាពគ្នា ស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ ហើយកែតម្រូវឲ្យកាន់តែប្រសើរ សម្រាប់ត្រៀមរដូវកាលថ្មី។ លើសពីនេះ លោកក៏បានគាំទ្រក្លឹបក្រសួងការពារជាតិ ដែលមានមហិច្ឆតារៀបចំពានមិត្តភាពនេះជារៀងរាល់ឆ្នាំផងដែរ។

ចំពោះកម្មវិធីប្រកួតពានរង្វាន់ខាងលើវិញនឹងធ្វើឡើងនៅកីឡដ្ឋានស្ដាតចាស់តែមួយគត់ គ្រាដែលកម្មវិធីប្រកួតថ្ងៃនេះ គឺក្រុមក្រសួងការពារជាតិ ត្រូវប៉ះសូលទីឡូអង្គរមុននាម៉ោង ៣៖៣០នាទីរសៀល និងក្រុមណាហ្គាវើលដ៏ ប៉ះអាស៊ីអឺរ៉ុប នាម៉ោង ៦ល្ងាច។ រីឯក្រុមឈ្នះ នឹងបានឡើងទៅជួបគ្នាដណ្ដើមពាននាល្ងាចថ្ងៃទី១៨-មករា ខក្រុមចាញ់ ក៏ត្រូវជួបគ្នាដណ្ដើមលេខ៣ នៅរសៀលថ្ងៃជាមួយគ្នាដែរ៕