(ភ្នំពេញ)៖ ដោយសង្កេតឃើញថា បច្ចុប្បន្នការគាំទ្រពីសំណាក់មហាជន មកលើកម្មវិធីប្រកួតប្រជែងសម្រស់កាន់តែច្រើនឡើង លោក ម៉ែន និមលរតន៍ ដែលជាអ្នករៀបចំកម្មវិធីបង្ហាញម៉ូតល្បីមួយរូប បានសម្រេចបង្កើតកម្មវិធីថ្មីមួយ គឺ «Miss Gueen Cambodia» ដើម្បីផ្តល់ឱកាសឲ្យភេទទី៣ ដែលមានទាំងសម្រស់ និងចំណេះដឹងបានតំណាងប្រទេសទៅប្រកួតលើឆាកអន្តរជាតិ។

ថ្លែងប្រាប់ក្រុមការងារ Fresh News និង Khmer Talking លោក ម៉ែន និមលរតន៍ បានឲ្យដឹងថា សម្រាប់កម្មវិធី «Miss Queen Cambodia» គឺជាកម្មវិធីដែលលោកបង្កើតដោយផ្ទាល់ ក្នុងគោលបំណងលើកកម្ពស់កញ្ញាឯកភេទទី៣ ឲ្យមានភាពស្មើរគ្នាក្នុងការរស់នៅ ជាពិសេសមានការទទួលស្គាល់ពីសង្គម។ ដូច្នេះការបង្កើតកម្មវិធីនេះឡើង គឺជាប្រការដែលល្អបំផុតសម្រាប់ឆ្នាំថ្មីនេះ ព្រោះថាបើប្រៀបធៀបនឹងប្រទេសដទៃគឺ គេមានជាយូរមកហើយ។

លោកបន្តថា សម្រាប់កញ្ញាឯកភេទទី៣ បច្ចុប្បន្ននេះក៏មានសមត្ថភាពខ្លាំងគួរអោយកត់សម្គាល់ផងដែរនិយាយរួមទៅអ្នកខ្លះចេះរហូតដល់ទៅ៣ភាសាឯណោះ រួមនឹងចំណេះដឹងទូទៅជាដើម។ ដូច្នេះប្រសិនបើមានការហ្វឹកហាត់បន្ថែម នឹងមានការប្រសើរ ជាពិសេសដើម្បីតំណាងប្រទេសទៅចូលរួមប្រកួតលើឆាកអន្តរជាតិ បានដូចនារី និងបុរស ទូទៅបានដូចគ្នាផងដែរ។

លោក ម៉ែន និមលរតន៍ ធ្វើការកត់សម្គាល់ថា សម្រាប់កម្មវិធីនេះ គឺទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនភេទទី៣ ព្រោះថាទើបតែប្រកាសជ្រើសរើស២ថ្ងៃប៉ុណ្ណោះ មានបេក្ខជនមកដាក់ពាក្យជាង៣០នាក់ទៅហើយ ខណៈម្នាក់មានសម្រស់មិនអន់ឡើយ ពោលរាល់ពេលបង្ហោះក្នុងបណ្តាញសង្គម សឹងតែមានអ្នកច្រឡំថាជាមនុស្សស្រីពិតៗក៏មាន។

គួរជម្រាបថា តាមរយៈកម្មវិធីនេះ លោក ម៉ែន និមលរតន៍ សង្ឃឹមថានឹងមិនមានការរើសអើងនោះទេពីសំណាក់មហាជនចំពោះកម្មវិធីនេះ ព្រោះថាដើម្បីឲ្យភេទទី៣ មានភាពស្មើរគ្នាក្នុងសង្គម និង ដើម្បីរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមម្លប់សន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ ជាពិសេសលោកសង្ឃឹមថានឹងមិនមែនការរើសអើងឡើយ ពីបណ្តាក្រុមហ៊ុន ក្នុងការចូលរួមឧបត្ថមកម្មវិធី៕