(ភ្នំពេញ)៖ ក្នុងចំណោមអ្នកសារព័ត៌មានទូទាំងប្រទេស និងមន្ត្រីក្រសួងសំខាន់ៗ ដែលបានជួបសំណេះសំណាល ក្នុងជំនួបអាហារសាមគ្គីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២០នេះ តួឯកល្ខោនបាសាក់លោក អុល សំអាង ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន ក៏មានវត្តមាននៅថ្ងៃនោះដែរ ដោយលោកបង្ហាញការចាប់អារម្មណ៍ជាច្រើន បន្ទាប់ពីបញ្ចប់ជំនួបនោះ។ លោកបានទាំងចាត់ទុកថា សារមួយឃ្លាដែលសម្ដេចតេជោ បានលើកឡើងថា «អ្នកសារព័ត៌មាន​កុំបំពានសិទ្ធិអ្នកដទៃ​ កុំបំភ្លៃការពិត» គឺជាអ្វីដែលមានតម្លៃក្រោយអាហារសាមគ្គីនោះ។

លោក អុល សំអាង និយាយថា ក្នុងជំនួបដែលបានធ្វើឡើងជាច្រើនម៉ោងជាមួយសម្ដេចនាយករដ្ឋមន្ត្រីនោះ លោកចាប់អារម្មណ៍ចំពោះប្រយោគខាងលើយ៉ាងខ្លាំង ដោយលោកយល់ថា ប្រសាសាន៍របស់សម្ដេចនាយករដ្ឋមន្ត្រី គឺជាក្រើនរំលឹកឲ្យអ្នកសារព័ត៍មានកាន់តែប្រកបវិជ្ជាជីវៈមួយកាន់តែប្រសើរ នៅក្នុងអាជីព។ ជាមួយនឹងការចាប់អារម្មណ៍ និងកោតសរសើរចំពោះពាក្យមួយឃ្លាដ៏មានអត្ថន័យរបស់សម្ដេចនាយករដ្ឋមន្ត្រីនាឆ្នាំនេះ លោកក៏បង្ហាញអារម្មណ៍រំភើបផងដែរ ដែលក្នុងនាមជាទីប្រឹក្សាក្រសួងព័ត៍មាន ហើយត្រូវបានអញ្ជើញអោយចូលរួមក្នុងព្រឹត្តិការណ៍ជំនួបអ្នកកាសែតដ៏សំខាន់នេះ។

លោក អុល សំអាង បានចាត់ទុកថា នេះគឺជាការផ្ដល់ឱកាសមួយដ៏សំខាន់អោយសិល្បករបុរាណខាងផ្នែកល្ខោនបាសាក់ដូចលោក បានចូលរួមក្នុងសង្គម និងយល់ដឹងច្រើនក្នុងសង្គមអ្នកចេះដឹង ដែលមានន័យថា បើទោះបីជាសិល្បៈល្ខោនបាសាក់មិនសូវមានការគាំទ្រពីយុវវ័យក្មេងៗ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលជាថ្នាក់ដឹកនាំ។ ក្នុងនោះក្រសួងព័ត៌មាន និង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក៏បានផ្ដល់ឱកាសអោយក្រុមល្ខោនបាសាក់របស់លោកផលិតសាច់រឿងថ្មីៗ ដែលធ្វើក្រុមការងាររបស់លោកនៅតែមានចរន្ត ដែលជាការជួយលើកស្ទួយវិស័យល្ខោនបាសាក់ អោយនៅតែមានការចាប់អារម្មណ៍ផងដែរ។ នេះជាគុណបំណាច់នៃសន្តិភាព ស្របពេលដែលប្រទេសកម្ពុជា ក៏មានសន្ទុះរីកចំរើនលើគ្រប់វិស័យ៕