(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា មានការរីករាយជាខ្លាំងក្នុងថ្ងៃបើកសម្ពោធហាង ភេសជ្ជៈតែគុជ AN Cha ថ្មីដំបូងរបស់ប្អូនស្រី ដែលមានឈ្មោះថា ឱក សុគន្ធតាណា ។ ក្នុងនោះក៏មានការចូលរួមពីសំណាក់តារាចម្រៀង និងតារាងសម្តែងល្បីៗ ជាច្រើនរូប ខណៈហាងមានទីតាំងនៅលើបណ្តោយផ្លូវ ២០០៤ ហើយចាប់ផ្តើមលក់ជាផ្លូវការនាថ្ងៃទី ១៥ខែ មករា ឆ្នាំ២០២០នេះ។

សម្រាប់ចំណាប់អារម្មណ៍របស់បងស្រី ឱក សុគន្ធកញ្ញា ចំពោះប្អូនស្រីក្នុងការបើកសម្ពោធហាងតែគុជថ្មីនេះ នាងពិតជាមានការរីករាយជាខ្លាំង ក្រោយពេលបានឃើញប្អូនស្រី ឱក សុគន្ធតាណា ទទួលបានការងារថ្មីមួយ ដែលជាបទពិសោធថ្មីសម្រាប់ខ្លួនឯង ដោយមើលឃើញថាប្អូស្រីមានការស្រលាញ់នូវអាជីវកម្មមួយនេះខ្លាំង ហើយនាង ក៏បានបង្ហាញថា នាងបានចូលរួមជួយប្អូនស្រីទាំងថវិកា និងការជំរុញដើម្បីឲ្យទទួលបានបទពិសោធថ្មី ក្នុងការទទួលបានប្រាក់ចំណូលផ្ទាល់របស់ខ្លួនឯង ដោយបង្វែពីការធ្វើការឲ្យគេ ងាយមកធ្វើជាថៅកែហាងភេសជ្ជៈតែគុជ AN Cha រស់ជាតិដើមរបស់កម្ពុជា ថ្មីនេះ។

ឱក សុគន្ធតាណា បានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលបានបង្កើតអាជីវកម្មថ្មីផ្ទាល់ខ្លួនមួយនេះ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីសំណាក់បងស្រីជាខ្លាំង ព្រោះមុនឈានដល់ការសម្រេចចិត្តបើកអាជីវកម្មហាងភេសជ្ជៈ AN Cha ក៏ព្រោះតែភេសជ្ជៈនេះគឺជាភេសជ្ជៈថ្មីមួយដែលបង្តើតឡើងដោយកូនខ្មែរផ្ទាល់ ដោយមានរសជាតិដើមទាំងក្នុងស្រុក ដូចរសជាតិស្ករត្នោត ហើយការចំណាយនេះគិតជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារដោយមានចូលហ៊ុនជាមួយម្ចាស់ផលិតផល AN Cha៕