(ភ្នំពេញ)៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លឹបនគរបាលជាតិ បានជឿជាក់ថា ក្រុមនីមួយៗព្យាយាមពង្រឹងខ្លួនយ៉ាងខ្លាំងត្រៀមរដូវកាលថ្មីឆ្នាំ២០២០ ព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលកម្ពុជា នឹងមានការប្រកួតប្រជែងកាន់តែពុះកញ្ជ្រោលជាងឆ្នាំមុនៗទៀត។

លោកបានរៀបរាប់ថា «យើងឃើញហើយពុះកញ្ជ្រោលមែនទែន ៣ក្រុមដែលមានព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលបាននាំចូលកីឡាករទាំងខ្មែរ ទាំងបរទេសនៅល្អដដែល។ មួយទៀតគឺវិសាខា ដែលជាបេក្ខជនប្រជែងជើងឯក៣ឆ្នាំមកនេះ ហើយប្រិយមិត្តកំពុងតាមដានការប្រកួតមិត្តភាពក្រៅប្រទេសជាប្រចាំ។ ក្រៅពីនេះ ភ្នំពេញក្រោន ក៏មានការរីកចម្រើនជាងមុន។ ខ្ញុំសង្ឃឹមថា លីគឆ្នាំ២០២០ នឹងកាន់តែពុះកញ្ជ្រោលជាងមុន»

អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជាបានលើកឧទាហរណ៍ក្រុមចំនួន៣ ដែលមានដូចជា ព្រះខ័នរាជស្វាយរៀង, វិសាខា និងបឹងកេត ទំនងអាចជាក្រុមដ៏លេចធ្លោខ្លាំងនៅរដូវកាលឆ្នាំ២០២០ នេះ។

អ្វីដែលសំខាន់ផងនោះ អំឡុងទីផ្សារដោះដូរត្រៀមរដូវកាលថ្មី ទាំងស្វាយរៀង, វិសាខា និងបឹងកេត បានពង្រឹងក្រុមតាមរយៈការនាំចូលកីឡាករថ្មីៗគួរកត់សម្គាល់។ ក្នុងនោះពួកគេក៏ចេញទៅសម្រួចខ្លួននៅក្រៅប្រទេសដូចៗគ្នា ជាពិសេសព្រះខ័នរាជស្វាយរៀងកំពុងតែត្រៀមជម្រុះ AFC Cup ទៀតផង។

គួរបញ្ជាក់ថា ក្លឹបនគរបាលជាតិរបស់លោក ប្រាក់ សុវណ្ណារ៉ា ក៏ត្រូវការធ្វើឲ្យល្អដើម្បីលទ្ធផលប្រសើរជាងរដូវកាលឆ្នាំ២០១៩ ដែលពួកគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ១១ ដែរ៕