(ភ្នំពេញ)៖ ក្លឹបបឹងកេតអែហ្វស៊ី បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Governor Cup 2020 ចាប់ពីថ្ងៃទី១៧-១៩ ខែមករាខាងមុខ គ្រាដែលលោក បែ មករា អគ្គលេខាធិការក្លឹបជើងឯក ៣សម័យកាលនេះ បានចាត់ទុកការចូលរួមនេះ គឺជាឱកាសធ្វើតេស្ដសមាជិកថ្មីរបស់ខ្លួន ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២០។

គួរដឹងថា ពានរង្វាន់មិត្តភាពអន្ដរជាតិលក្ខណៈ Pre-Season នេះ គឺមាន ៤ក្រុមមកពី ៤ប្រទេសចូលរួម ដូចជាក្រុមបឹងកេត តំណាងប្រទេសកម្ពុជា ក្រុម Felda United មកពីម៉ាឡេស៊ី ក្លឹប Geylang International មកពីសិង្ហបុរី និងក្លឹប PSMS Medan របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី។

មុនចេញដំណើរលោក បែ មករា បានលើកឡើងថា ការចូលរួមនេះ គឺទទួលបានផលចំណេញច្រើន សម្រាប់ក្រុមក្នុងការពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មី ហើយក្លឹបនឹងផ្ដល់ឱកាសច្រើនដល់កីឡាករក្មេងៗ ពិសេសសមាជិកថ្មី ក្នុងការបង្ហាញសមត្ថភាព ដើម្បីជាការតេស្ដសមត្ថភាព និងទម្រង់លេងជាក្រុមផងដែរ៕